ព័ត៌មានជាតិ

ការចំណាយលើឧបករណ៍ការពាររបស់ជប៉ុន អាចបន្ធូរបន្ថយគម្លាតពាណិជ្ជកម្មរបស់អាមេរិក

kyodo


តូក្យូ៖ ប្រធានអ្នកចរចារពន្ធគយរបស់ប្រទេសជប៉ុនបានឲ្យដឹងថា ការទិញឧបករណ៍ការពារជាតិរបស់សហរដ្ឋអាមេរិក អាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដោយបង្ហាញថា វាអាចប្រើជាបន្ទះឈីបចរចារក្នុងកិច្ចពិភាក្សាទ្វេភាគីអំពីការយកពន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Ryosei Akazawa ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅមុនការចរចារពន្ធលើកទី៤ នៅចុងសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអ្នកសួរខ្ញុំថាតើការទិញបែបនេះ ស្ថិតនៅក្នុងវិសាលភាពនៃកិច្ចពិភាក្សា វាអាចទៅរួចទេ” ប៉ុន្តែលោក Akazawa ដែលជាជំនួយការជិតស្និទ្ធរបស់លោក Ishiba ក៏បានឲ្យដឹងផងដែរថា ការចរចារពន្ធជាមួយសហរដ្ឋអាមេរិក និងបញ្ហាសន្តិសុខគឺ “ផ្អែកលើតក្កវិជ្ជា និងស្តង់ដារផ្សេងៗគ្នា ដូច្នេះវាមិនសមរម្យទេក្នុងការលាយបញ្ចូលគ្នានៅក្នុងកិច្ចពិភាក្សា”។

លោក Akazawa ត្រូវបានគេរំពឹងថានឹងជួបជាមួយលោក Scott Bessent រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក ដែលជាចំណុចសំខាន់សម្រាប់ការចរចាក្នុងអំឡុងពេលកិច្ចពិភាក្សាពន្ធគយរយៈពេលពីរសប្តាហ៍ជាប់គ្នារបស់លោកជាមួយមន្ត្រីជាន់ខ្ពស់។ លោក Bessent បានអវត្តមានកាលពីសប្តាហ៍មុន ខណៈដែលលោកបានចូលរួមកិច្ចប្រជុំ G7 នៅប្រទេសកាណាដា។

ប្រទេសជប៉ុនសង្ឃឹមថា នឹងរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់រវាងលោក Ishiba និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅខែមិថុនា។ ប្រភពការទូតបានឲ្យដឹងថា នៅមុនជំនួបនេះ រដ្ឋាភិបាលទាំងពីរអាចនឹងធ្វើការចរចាថ្នាក់រដ្ឋមន្ត្រីជុំទី៥ របស់ពួកគេ។

ជុំវិញការចរចាពន្ធនេះលោក Ishiba បានសន្យាថានឹងគាំទ្រសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យឧស្សាហកម្មផលិតកប៉ាល់រស់ឡើងវិញចំពេលមានការកើនឡើងនៃការគ្រប់គ្រងរបស់ប្រទេសចិន ដោយថាទីក្រុងវ៉ាស៊ីនតោន ចាប់អារម្មណ៍លើកន្លែង ដែលកប៉ាល់យោធារបស់ខ្លួនអាចត្រូវបានជួសជុលនៅបរទេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top