ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ ទោះបីមានពលករខ្មែរមួយចំនួនតូច រិះគន់រាជរដ្ឋាភិបាល និងមន្ដ្រីទូត ក៏សម្របសម្រួលជូន ក្នុងការធ្វើលិខិតស្នាម ឬលិខិតឆ្លងដែន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាមានពលករខ្មែរមួយចំនួនតូចតែងរិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល និងមន្ត្រីទូតនៅតាមប្រទេសនានា ក៏នៅតែខិតខំជួយសម្របសម្រួលជូន ក្នុងការធ្វើលិខិតស្នាម ឬលិខិតឆ្លងដែន ជូនពួកគាត់ ផងដែរ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅពេលករខ្មែរមានគ្រោះថ្នាក់ផ្សេងៗ ទូតរបស់កម្ពុជា ប្រចាំប្រទេសនានាតែងតែយកចិត្តទុកដាក់ និងសម្របសម្រួលជូនពលករខ្មែរ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «លិខិតស្នាម ប៉ាស្ព័រ (លិខិតឆ្លងដែន) ដែលយើងអាចធ្វើបាននេះ ជាអ្វីដែលយើងយកចិត្តទុកដាក់ មិនទុកប្រជាជនខ្មែរចោលនោះទេ គឺថាគោលដៅរបស់យើង មិនថា ប្រជាជនខ្មែររស់នៅទីណា យើងត្រូវតែខិតខំយកចិត្តទុកដាក់ឱ្យអស់លទ្ធភាព មិនទុកបងប្អូនចោលនោះទេ នេះជាគោលនយោបាយរបស់យើង។

សម្តេចបវរធិបតី បន្ដថា «ទោះបីបងប្អូនជេរ និងមិនសប្បាយចិត្ត បងប្អូនរិះគន់វៃប្រហារទូត តែត្រូវការប៉ាស្ព័រ ត្រូវការព្យារបងប្អូនមក យើងនៅទទួលដដែល ហើយបងប្អូនមានទឹកចិត្ត ចេញទៅវិញ ឈប់ជេរទៅចុះ។ តែសម្រាប់យើងគ្មានជម្រើស នៅក្នុងការរើសអើង ក្នុងការផ្ដល់សេវា»។

សម្តេចបវរធិបតី បន្ថែមថា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទាញយកឱកាសការងារបន្ថែម ក៏មិនរើ់សអើងនិន្នាការនយោបាយដែរ៕

To Top