ព័ត៌មានអន្តរជាតិ

លោក ត្រាំ សរសើរលោក Elon Musk មុនចាកចេញពីតំណែងថា លោកបានផ្លាស់ប្តូរដ៏អស្ចារ្យ

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាគ្នាជាមួយលោក Elon Musk នៅការិយាល័យ Oval កាលពីថ្ងៃសុក្រ បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានប្រកាសពីការសម្រេចចិត្តដកខ្លួនចេញពីតួនាទីរបស់លោកនៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។

លោក ត្រាំ បានលើកឡើងថា “ខ្ញុំគ្រាន់តែចង់និយាយថា លោក Elon បានធ្វើការដោយមិនចេះនឿយហត់ ដោយជួយដឹកនាំកម្មវិធីកំណែទម្រង់រដ្ឋាភិបាលដ៏ទូលំទូលាយ និងជាផលវិបាកបំផុតក្នុងជំនាន់ជាច្រើន” ។

លោក ត្រាំ បានផ្តល់កិត្តិយសដល់លោក Musk ជាមួយនឹង “ការផ្លាស់ប្តូរដ៏ធំនៅក្នុងវិធីចាស់នៃការធ្វើអាជីវកម្មនៅវ៉ាស៊ីនតោន” ហើយបានឲ្យដឹងថាបុគ្គលិកមួយចំនួនរបស់លោក នឹងបន្តនៅក្នុងរដ្ឋបាល។

លោក Elon Musk បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីលោក ត្រាំ ប្រគល់កូនសោមាសជាអំណោយថា “ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើជាមិត្ត និងជាទីប្រឹក្សារបស់ប្រធានាធិបតី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយបានចំណាយប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រយុទ្ធនាការប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋផ្សេងទៀត លោក Musk ថ្មីៗនេះបានឲ្យដឹងថា លោកមានគម្រោងកាត់បន្ថយការចំណាយផ្នែកនយោបាយរបស់លោកយ៉ាងច្រើន ដោយសារតែ លោកគិតថាលោកបានធ្វើគ្រប់គ្រាន់ហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top