ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បើមិនឱ្យ ICJ កាត់ក្ដីនោះទេ រឿងព្រំដែន កម្ពុជា-ថៃ នឹងដូចជា តំបន់ហ្កាស្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា បើមិនឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីនោះទេ បញ្ហាតំបន់ព្រំដែនរវាងកម្ពុជា-ថៃ នឹងដូចជាតំបន់ ហ្កាស្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល។

ការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពី សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។

នាឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លើកនេះ កម្ពុជា បបួលភាគីថៃ យកចំណុចរសើបទាំង៤ កន្លែងនេះ ទៅកាត់តុលាការ ICJ រីឯកម្មការព្រំដែន នៅបន្ដពិនិត្យ និងដើររកបង្គោល និងបោះបង្គោលជាបន្ដទៀត កម្មការនេះ អត់ទៅណាទេ។

សម្ដេច ថា «មិនមែនបានសេចក្ដីថា យើងប្ដឹងហើយវាចប់រឿងទេ យើងយកទាំងបួនចំណុចនឹងទៅតុលាការតែប៉ុណ្ណោះ ក្រៅពីនោះ គឺគណៈកម្មនៅបន្ដដើរ ដើម្បីបន្ដវាស់វែង កណត់ពំ្រដែនជាក់លាក់»។

សម្ដេច ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា «បើសិនជាមិនឱ្យតុលាការកាត់ទេ រឿងនេះវាដូចជា តំបន់ហ្កោស្សារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែលដូចគ្នា ដោះអត់ចប់ទេ វ៉ៃគ្នារហូត បើមិនតូច ធំ , បើមិនធំ តូច តែប៉ុណ្ណឹង។ ចឹងតើខ្លាចអី ទៅកាត់តុលាការ បើសិនជាយើងមានចិត្តស្មោះ»។

សម្ដេច ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជា មិនចង់បានដីអ្នកណាទេ ប៉ុន្ដែកម្ពុជាការពារតែបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង ១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់ សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ៕

To Top