ព័ត៌មានជាតិ

សម្តេចធិបតី៖ ការផ្តល់ឱកាសពង្រឹងសមត្ថភាពដល់ពលរដ្ឋ ស្របតាមអភិក្រមបង្រៀន ឱ្យចេះស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពលរដ្ឋ

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានគិតគូនិងរៀបចំដាក់ឱ្យដំណើរការ កម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ស្របតាមហានិភ័យនៃវ័ត្តជីវិត និងការវិវត្តជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចកម្ពុជា ដែលផ្តោតជាពិសេសផ្តល់ឱកាសពង្រឹងសមត្ថភាព ដល់ពលរដ្ឋ ស្របតាមអភិក្រមនៃការបង្រៀនពលរដ្ឋឱ្យចេះស្ទួចត្រី បន្ថែមលើការផ្តល់ត្រីដល់ពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានបន្តពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទៅតាមមុខងារទាំង៣កម្រិត គឺកម្រិតគោលនយោបាយ កម្រិតនិយ័តករ និងកម្រិតប្រតិបត្តិករ ដើម្បីធានាប្រតិតុល្យការ និងបំពេញមុខងារក្នុងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ។

ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បានគិតគូនិងរៀបចំដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ស្របតាមហានិភ័យនៃវ័ត្តជីវិត និងការវិវត្តជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចកម្ពុជា ដែលផ្តោតជាពិសេស នៃការផ្តល់ឱកាសពង្រឹងសមត្ថភាព ដល់ពលរដ្ឋ ស្របតាមអភិក្រមនៃការបង្រៀនពលរដ្ឋ ឱ្យចេះស្ទួចត្រី បន្ថែមលើការផ្តល់ត្រីដល់ពួកគាត់ ដែលរួមមាន៖ ទី១ កម្មវិធីគាំពារសង្គម ដើម្បីជំរុញការចាក់ចេញពីភាពក្រីក្រ, ទី២ ការសិក្សាលទ្ធភាពផ្តល់ឥណនទាន សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា, ទី៣ ការពិនិត្យលទ្ធភាពក្នុងការផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់ទ្រទ្រង់ចំណាយជួលផ្ទះ និងបន្ទប់ស្នាក់ដល់សិស្សនិងនិស្សិត ដែលមានមានជីវភាពលំបាក និងទី៤ ការសិក្សាសមទ្ធិលទ្ធភាពក្នុងការដាក់ឱ្យដំណើរការ កម្មវិធីលំនៅឋានតម្លៃសមរម្យ សម្រាប់ពលរដ្ឋដែលមានចំណូលទាប និងងាយរងគ្រោះជាដើម៕

To Top