តេអេរ៉ង់ៈ ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺជាមូលដ្ឋានគ្រឹះ នៃឧស្សាហកម្មនុយក្លេអ៊ែរ និងជាខ្សែបន្ទាត់ ក្រហមសម្រាប់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ខណៈដែលមានប្រតិកម្មទៅនឹង ការអំពាវនាវ របស់សហរដ្ឋអាមេរិកឱ្យអ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន និងរបាយការណ៍ “ទូលំទូលាយ” ដែលចងក្រងដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អំពីសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍។
លោក Eslami បានលើកឡើងថា គ្មាននរណាម្នាក់អាចអះអាងថាអ៊ីរ៉ង់ មិនមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះទេ ដោយសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមទេនោះ នឹងមិនមានវដ្តឥន្ធនៈនុយក្លេអ៊ែរនោះឡើយ ដែលនឹងប៉ះពាល់ដល់ការស្រាវជ្រាវ និងសកម្មភាពអនុវត្តរបស់អ៊ីរ៉ង់ នៅទូទាំងវិស័យផ្សេងៗ។
លោកបានសង្កត់ធ្ងន់ថា គ្មានការជំនួសការចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូមនោះទេ ដោយបន្ថែមថា ការពង្រឹងគឺជាសិទ្ធិរបស់អ៊ីរ៉ង់ និងជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ។ លោកបន្ដថា របាយការណ៍ថ្មីៗរបស់ IAEA អំពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានចងក្រងក្រោមឥទ្ធិពល នៃប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាមិនរីកសាយភាយ និងកិច្ចព្រមព្រៀងការពារគ្រប់ជ្រុងជ្រោយ ដោយបន្ថែមថា សកម្មភាពនុយក្លេអ៊ែរ របស់ប្រទេសនេះតែងតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ IAEA ហើយទីភ្នាក់ងារនេះតែងតែមាន លទ្ធភាពចូលទៅកាន់កន្លែងរបស់អ៊ីរ៉ង់ និងត្រួតពិនិត្យជានិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា
