ភ្នំពេញ ៖ កម្ពុជា បើកទ្វារស្វាគមន៍នូវវិនិយោគិនមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្កានុពលជាច្រើន ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់។

នាឱកាសអញ្ជើញទទួលជួបជាមួយលោក Claude Jentgen អ្នកសម្របសម្រួលកិច្ចការទ្វេភាគីនៃនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌លុចសំបួ តំណាងស្ថានទូតលុចសំបួប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសឡាវ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា «ប្រទេសកម្ពុជា បើកទ្វារស្វាគមន៍នូវវិនិយោគិនដែលមានបំណងចង់កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកម្ពុជាមានកសិផលសក្កានុពលជាច្រើន រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ម្រេច ដែលមានគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការចាប់យកដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់»។
លោក រដ្ឋលេខាធិការ បន្ដថា លើសពីនេះ ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ស្នើឱ្យភាគីលុចសំបួ ពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាលើការស្រាវជ្រាវផ្សាភ្ជាប់នឹងសាកលវិទ្យាល័យកសិកម្ម ការគាំទ្រទៅលើមន្ទីរពិសោធន៍ជាតិដើម្បីធានាបាននូវសុវត្ថិភាពអាហារ ដែលនឹងបម្រើដល់ការនាំចេញ ការផ្តល់កម្ចីទុនដែលមានការប្រាក់ទាប និងផ្តល់នូវគម្រោងគាំទ្រដល់វារីវប្បកម្មកម្ពុជាជាមូលដ្ឋាន សំដៅជួយបង្កើននូវភោគផលសេដ្ឋកិច្ច និងកាត់បន្ថយសម្ពាធធនធានធម្មជាតិ។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ និងលោក Claude Jentgen បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ សំដៅផ្ដល់ផលប្រយោជន៍ទៅវិញទៅមក៕
