ព័ត៌មានជាតិ

អាជ្ញាធរមីន វាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់នគរបាលជាតិ ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារមីននៅកម្ពុជា

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់នគរបាលជាតិ ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់អវិជ្ជមានដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ការវាយតម្លៃរបស់ លោក លី ធុជ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់នគរបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងរៀបចំឡើងដោយអាជ្ញាធរមីន ក្រោមកិច្ចសហការនិងភាពជាដៃគូជាមួយក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តបាត់ដំបង និងស្នងការនគរបាលខេត្តប៉ៃលិន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការអបអរសាទរខួបទី៨០ នៃការបង្កើតនគរបាលជាតិ ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់នគរបាលជាតិក្នុងដំណើរការសកម្មភាពមីននៅកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន ក្នុងនោះរួមមានការឆ្លើយតបទាន់ពេលវេលាតាមសំណូមពររបស់ប្រជាពលរដ្ឋ ការជួយសង្រ្គោះទាន់ពេលវេលា និងការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការរួមចំណែករបស់នគរបាលជាតិ ពិតជាស្របតាមនឹងចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» និងឆ្លើយតបជាពិសេសទៅនឹងគោលបំណង របស់សម្តេចធិបតីក្នុងការកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ ផងដែរ។

ទន្ទឹមនឹងនោះ អាជ្ញាធរមីន សូមវាយតម្លៃខ្ពស់ចំពោះដល់នគរបាលជាតិ ដែលបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាធានាថាសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានផ្ដល់ដល់សហគមន៍គោលដៅ និងក្រុមគោលដៅដែលងាយរងគ្រោះពិតប្រាកដ ក្នុងនោះបានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយអាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០០៦។

លោកណាក៏ដោយ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។

ដោយឡែកសម្រាប់បណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ជានគរបាលខេត្តបាត់ដំបង និងប៉ៃលិន ដែលបានយកចិត្តទុកដាក់ និងយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលទៅអប់រំបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនគរបាលនៅតាមឃុំសង្កាត់ដែលកំពុងបម្រើការនៅតាមមូលដ្ឋានរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ របៀបផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ វិធីបង្ការគ្រោះថ្នាក់ នីតិវិធីទំនាក់ទំនង ការកត់ត្រាទិន្នន័យគ្រោះថ្នាក់ ស្គាល់ពីប្រភេទមីន/គ្រាប់ដែលប្រើប្រាស់នៅកម្ពុជា និងឥទ្ធិពលបង្កគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

To Top