ព័ត៌មានជាតិ

កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ នូវមុខទំនិញមានដើមកំណើតនៅកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយពីវៀតណាម

ភ្នំពេញ៖ កម្ពុជា ទទួលបាន ភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើត នៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ថ្មីៗនេះ បានឱ្យដឹងថា ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦»។

តាមរយៈភាពអនុគ្រោះពន្ធនេះ ក្រសួងពាណិជ្ជកម្មប្រាប់ដល់ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញ ចំនួន២៨បន្ទាត់ពន្ធគយនេះ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (០%)។

ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ សូមផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥៕

To Top