ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩%ប៉ុណ្ណោះ ត្រូវបានធ្វើការកែច្នៃឡើងវិញ ខណៈចំណែកនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។
ក្នុងព្រះរាជពិធី “ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា” ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានមរតកតេជោ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានថ្លែងថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើង ដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទ ស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ” បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ”។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណពី១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិត ទាំងនៅក្នុងទឹកនិងលើគោក។ បំណែក ប្លាស្ទិកទំាងនេះ ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ៕
