ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យកម្លាំងជំនាញ បន្ដប្រតិបត្តិការកុំបន្ធូរដៃ លើការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឱ្យឲ្យផ្ដោតការ យកចិត្តទុកដាក់ លើការងារផ្សព្វផ្សាយ អប់រំអំពីផលប៉ះពាល់ នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលត្រូវ បន្ដយកចិត្តទុកដាក់ ចំពោះកូនចៅរបស់ខ្លួន ដើម្បីជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ដើម្បីឲ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន កាន់តែមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ត្រូវសហការជាមួយគ្រប់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបានស្អិតរមួត និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅរួមគ្នា។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន នៅតែជាក្តីកង្វល់ របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ អះអាងថា គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ ដែលទំពាំងស្នងឬស្សី ដូច្នេះត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព៕

To Top