ភ្នំពេញ ៖ ជប៉ុន បានបន្ដផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧,៨លានដុល្លារ ដល់អង្គភាពCMAC ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីន នៅកម្ពុជា។
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុគណៈកម្មាធិការពិគ្រោះយោបល់នៃគម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ដែលជាហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន១.១៦៦លានយ៉េន ប្រមាណ ៧,៨លានដុល្លារអាមេរិក។
គម្រោងនេះ សម្រាប់ពង្រឹងសមត្ថភាពអង្គភាពCMAC តាមរយៈធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីនឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីននិងរថយន្តពីរបាំង រថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់៕



