ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ពិនិត្យស្ថានភាពផ្លូវ​ និងលូប្រអប់ ចំនួន៥ទីតាំង នៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ សរុបចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ផ្លូវទាំង៥ទីតាំង មានដូចខាងក្រោម៖

ទីតាំងទី១៖ ផ្លូវ (ភូមិមេម៉ៃ-ភូមិមែកពុក) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មានប្រវែង ១១,៦៨៥គ.ម និងមានទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញ្ញាក្រែក ទៅដល់ភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះស្ថិតក្នុងគម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រាជរដ្ឋាភិបាល, និងធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានចាប់ផ្ដើមសាងសង់ កាលពីខែឧសភា ឆ្នាំ២០២៣ ដោយមានវឌ្ឍនភាពប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ការ សាងសង់នាពេលឆាប់ៗខាងមុខនេះ ។

ទីតាំងទី២៖ ផ្លូវ (ភូមិស្ពាន – មេមត់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិដារផ្សារ ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះស្ថិតក្នុងគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រាជរដ្ឋាភិបាល, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង (GCF) ដោយមានរយៈពេលនៃការសាងសង់ចំនួន ១៨ខែ (០១ កក្កដា ២០២៤ ដល់ ៣០ មករា ២០២៦ ) បច្ចុប្បន្នសម្រេចលទ្ធផលប្រមាណ ៨២,៦៤%។

ទីតាំងទី៣៖ ផ្លូវ (បង្គៅ-ចំបក់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១២,៧០គ.ម ទទឹង ៨ម៉ែត្រ ចែកជា ២កំណាត់ ដែលកំណាត់ទី១ ប្រវែង ៧,៤គ.ម និងកំណាត់ទី២ ប្រវែង ៥,៣គ.ម និងមានសំណង់សិល្បការ្យចំនួន ២០កន្លែង រួមមាន លូមូល ១៨កន្លែង និងលូប្រអប់ ០២កន្លែង តភ្ជាប់ពីភូមិសំរោងត្បូង ឃុំទ្រាក ទៅដល់ភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ ស្ថិតក្នុងគម្រោង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កម្ពុជា (RCIP) ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ រាជរដ្ឋាភិបាល និង ធនាគារពិភពលោក (WB) ចាប់ផ្តើមសាងសង់ពីខែធ្នូ ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៦៥,៥៩% ។

ទីតាំងទី៤៖ លូប្រអប់ដោយក្រាលកម្រាល ឈើឆ្លងកាត់ស្ទឹងជាលក្ខណៈបណ្ដោះអាសន្ន មានសភាពចាស់និងតូចចង្អៀត តភ្ជាប់ពីភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លួង ខេត្តក្រចេះ ឆ្លងទៅភូមិជ្រនុំពុល ឃុំជាំតាម៉ៅ ស្រុកមេមុត ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរៀបចំឯកលទ្ធកម្ម ដើម្បីសាងសង់ជាស្ពានបេតុង ប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អបណ្ដាញតភ្ជាប់តំបន់ជនបទដោយចីរភាព (SRCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ រាជរដ្ឋាភិបាល និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។

ទីតាំងទី៥៖ ផ្លូវ (ថ្មគ្រែ – អង្ក្រង់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,១០គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៣៧៧ ត្រង់ចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ទៅភ្ជាប់នឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់កម្ពុជា (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ របស់ រាជរដ្ឋាភិបាល និង ធនាគារពិភពលោក (WB)។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យការដ្ឋាន សាងសង់ផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការ សាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដោយត្រូវធ្វើការកែលម្អឡើងវិញ កន្លែងដែលខុសលក្ខណៈបច្ចេកទេស ឱ្យត្រូវតាមគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានា ឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង ៕

To Top