ព័ត៌មានជាតិ

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្ពានអាកាសភ្លោះ បណ្តោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិតេជោ ឈានដល់ការតភ្ជាប់តួស្ពាន

ភ្នំពេញ៖ គិតមកដល់ពេលនេះ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាស្ពានអាកាសភ្លោះថ្មីមួយ ក្នុងរាជធានីភ្នំពេញ បានឈានដល់ការតភ្ជាប់តួស្ពានរួចរាល់ហើយ។

ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួម៊ ពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

តាមការបញ្ជាក់ របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពាន អាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបាន ប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាស ដែលមានទិសដៅ ពីភ្នំពេញទៅអាកាសយានដ្ឋាន អន្តរជាតិតេជោ ខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ ។ ចំណែកស្ពានអាកាស ដែលមានទិសដៅពីអាកាសយានដ្ឋាន អន្តរជាតិតេជោ មកភ្នំពេញវិញ នឹងរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា ស្ពានអាកាសនេះ បានបើកការដា្ឋនសាងសង់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាល ជាម្ចាស់គម្រោង តាមរយៈរដ្ឋបាល រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកា សាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក និងសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ប្រើប្រាស់រយៈពេលសាង សង់ចំនួន១២ខែ។

ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាស យានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លង កាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន៕

To Top