ព័ត៌មានជាតិ

ក្រុមក្មេងទំនើងជាង ៤០នាក់ ត្រូវសមត្ថកិច្ច បញ្ជូនទៅពន្ធនាគារ

ភ្នំពេញ ៖ នាដើមសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេង ទំនើងជាង១០ករណី ដោយឃាត់ខ្លួន និង បញ្ជូនមនុស្សជាង៤០នាក់ទៀតទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ ។

បើតាមលោក ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងដូចបានបញ្ជាក់មុននេះ គឺជាការបង្ហាញច្បាស់ថាបញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។

លោកបញ្ជាក់ថា បញ្ហានេះក៏មិនអាចដាក់បន្ទុក តែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយ ត្រូវតែបន្តយកចិត្តទុក ដាក់អប់រំ ព្រានប្រដៅ កូនចៅរបស់ខ្លួន ឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងនោះរួមទាំងការ ចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានថា កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចាប់ពីអគ្គស្នងការ រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងបន្តបង្ក្រាបក្មេងទំនើង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំ ក្នុងពន្ធនាគារ ដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺង ម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការទទួលដឹកនាំអនុវត្តដោយ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃ នាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានផ្ដាំដោយព្រមានចំៗទៅកាន់ក្រុមក្មេងទំនើង ដែលបាននឹងកំពុងដើរលើផ្លូវមួយនេះ ត្រូវស្វ័យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច ពោលគឺ”បើមិនកែ មានតែគុក បើចង់សុខគឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ”៕

To Top