ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទរបស់ អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង និងលោក António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នាទីក្រុងនីស ប្រទេស បារាំង ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។
ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយ បញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)៕









