ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការប្រើប្រាស់ថាមពល កកើតឡើងវិញនៅកម្ពុជា សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន ៧០% នៅឆ្នាំ២០៣០

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់លោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីសថា ការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០ ។

ខាងលើនេះ ជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុពេលអនុញ្ញាតឱ្យ លោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងជំនួបនេះ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីស​ ដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។

សម្ដេចធិបតី​ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ មានវិស័យសក្ដានុពលជាច្រើន ដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេស នៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀត ដើម្បីឱ្យយន្តការនេះ បានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យ នៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប លោក Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងនោះ, លោករដ្ឋលេខាធិការបានបង្ហាញ នូវការស្វាគមន៍ ចំពោះអ្នកការទូតវ័យក្មេងកម្ពុជា មកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូត ទីក្រុងវីយែន ប្រទេសអូទ្រីស។

ក្នុងឱកាសនោះដែរ លោកក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីស ជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។

សម្ដេចធិបតី និងលោករដ្ឋលេខាធិការ បានបន្តពិភាក្សាអំពីការប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ។ សម្ដេចធិបតី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០៕

To Top