ព័ត៌មានអន្តរជាតិ

សន្ទុះនៃទីផ្សារ អ្នកប្រើប្រាស់ ក្នុងស្រុករបស់ប្រទេសចិន រួមចំណែកដល់ការ ជំរុញកំណើន និងភាពធន់នៃសេដ្ឋកិច្ចសកល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ទីផ្សារអ្នកប្រើប្រាស់ ក្នុងស្រុករបស់ប្រទេសចិន បានដើរតួនាទីជាក្បាលម៉ាស៊ីន ដ៏សំខាន់ក្នុងការជំរុញខឿន សេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើន សេដ្ឋកិច្ចសកល ។ ទោះបីជាប្រឈមមុខនឹងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃគោលនយោបាយ គាំពារនិយម និងភាពមិនប្រាកដប្រជាសកលដែលកំពុងតែបន្តក៏ដោយ ទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិន នៅតែមានសន្ទុះថេរ និងរក្សាបាន នូវភាពរស់រវើករបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់ការិយាល័យស្ថិតិជាតិចិន ការលក់រាយនៃទំនិញប្រើប្រាស់ក្នុងខែឧសភា ឆ្នាំ២០២៥ បានកើនឡើង ៦,៤% (ប្រមាណ ៥៧៤,៩ ពាន់លានដុល្លារ) ធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលនេះគឺជាកំណើនខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ តួរលេខនេះមិនត្រឹមតែឆ្លុះបញ្ចាំងពី ភាពធន់ និងសន្ទុះនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុកចិនទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមាន ដល់សេដ្ឋកិច្ចសកលផងដែរ។

ជាមួយនឹងប្រជាជនជាង ១៤០០ លាននាក់ និងការកើនឡើង អ្នកមានចំណូលមធ្យម តម្រូវការក្នុងស្រុករបស់ប្រទេសចិន កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ការចំណាយរបស់ប្រជាជនចិនលើផលិតផល និងសេវាកម្មមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យផលិតផលប្រណិត និងបច្ចេកវិទ្យា ចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់។

និន្នាការខាងលើនេះ មិនត្រឹមតែកែប្រែប្រទេសចិនឱ្យក្លាយទៅទីផ្សារអ្នកប្រើប្រាស់ផលិតផលមានគុណភាពធំជាងគេមួយរបស់ពិភពលោកទេ តែថែមទាំងនាំមកនូវកាលានុវត្តភាពសំខាន់ៗសម្រាប់វិនិយោគិនអន្តរជាតិ ដែលមានបំណងពង្រីកអាជីវកម្មលើសពីទីផ្សារប្រពៃណីរបស់ខ្លួនផងដែរ។

ជាក់ស្តែង ក្រុមហ៊ុនផលិតផលម៉ាកប្រណិតដូចជា Tiffany & Co, Celine, និង Loro Piana ជាដើម និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត បាន និងកំពុងពង្រីកទំហំប្រតិបត្តិការ រៀបចំនូវកម្មវិធីដ៏ទាក់ទាញ និងត្រៀមសម្ពោធផលិតផលថ្មីៗបន្ថែមទៀត ដើម្បីវាយលុកទីផ្សារចិន ដែលជាទីផ្សារធំជាងគេលំដាប់ទី២ របស់ពិភពលោក។

អ្វីដែលជំរុញឱ្យធុរជន ជាតិ និង អន្តរជាតិបង្កើនវិនិយោគទុនក្នុងប្រទេសចិន នោះគឺដោយសារតែពួកគេមាន ទំនុកចិត្តលើគោល នយោបាយរបស់រដ្ឋាភិបាលចិន និងមើលឃើញពីភាពធន់ និងភាពរស់រវើកនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ចិន។

ជាការពិតណាស់ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា រដ្ឋាភិបាលចិននៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជំរុញស្ថិរភាពទីផ្សារ និងបង្កើនការប្រើប្រាស់ ក្នុងស្រុក ដើម្បីទប់ទល់នឹងហានិភ័យនានាបង្កឡើងដោយមជ្ឈដ្ឋានខាងក្រៅ។ ជាក់ស្តែង គោលនយោបាយទាក់ ទាញសំខាន់ៗដូចជាគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច និងកម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី ត្រូវបានដាក់ចេញ ដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់។

គោលនយោបាយទាំងនេះ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុង ការបង្កើនស្ថិរភាពទីផ្សារ និងការប្រើប្រាស់ក្នុងស្រុក ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចចិន កាន់តែមានភាពធន់ និងរស់រវើកថែមទៀត។ ទោះបីជាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សកលនៅតែមានភាពផុយស្រួយ ហើយភាពមិនប្រាកដប្រជា ពីខាងក្រៅនៅតែបន្តអូសបន្លាយ ការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិននៅតែមានស្ថិរភាព និងបានរួមចំណែកជាវិជ្ជមាន ដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក គួបផ្សំជាមួយនឹងគោលនយោបាយបើកទូលាយកម្រិតខ្ពស់ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសចិនក៏មានសន្ទុះគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចិន មានសហគ្រាសវិនិយោគបរទេសថ្មីប្រមាណជិត ២០,០០០ បានចុះបញ្ជីដើម្បីបណ្តាក់ទុនវិនិយោគក្នុងប្រទេសចិន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៥។

ទឡ្ហីករណ៍នេះបានបង្ហាញឱ្យឃើញថា ទីផ្សារចិនមិនត្រឹមតែតែជំរុញខឿនសេដ្ឋកិច្ចជាតិទេ តែថែមទាំងមានសមត្ថភាពអាចទាក់ទាញវិនិយោគិនអន្តរជាតិ និងរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈការជំរុញតម្រូវការក្នុងស្រុក និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ចិន បានរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងធានាបាននូវស្ថិរភាពសេដ្ឋកិច្ចសកល។

សរុបមកវិញ ស្របពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន សន្ទុះនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិន មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទេ តែថែមទាំងរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចសកលផងដែរ៕ ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top