ត្បូងឃ្មុំ ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បើសិន កម្ពុជា-ថៃ ប្រើផែនទីខុសគ្នា ១០ឆ្នាំ ១០០ឆ្នាំ ឬ១០០០ឆ្នាំទៀត ក៏ភាគីទាំងពីរមិនអាចដោះស្រាយគ្នាបានដែរ ដូច្នេះយុទ្ធការល្អបំផុត គឺឱ្យតុលាការយុត្តិធម៌អន្ដរជាតិ ICJ បានជួយកាត់ក្ដី។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នាឱកាសអញ្ជើញជាអធិបតី ប្រារព្ធមីទ្ទីងអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្ពុជា បានដោះស្រាយបញ្ហាព្រំដែន ជាមួយមិត្តវៀតណាម បានជាង ៨០ភាគរយៈ ខណៈជាមួយមិត្តឡាវ ក៏បានជាង ៨៦ភាគរយ ដែរ ។ ហេតុអ្វីជាមួយភាគីថៃ ដោះស្រាយមិនកើត?។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា កម្ពុជា ចង់បានណាស់ព្រំដែន សន្ដិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរួមគ្នា ទាំងបីប្រទេសជាប់ជាមួយគ្នាជាមួយកម្ពុជា ដូចជា៖ ថៃ-ឡាវ-វៀតណាម។ លោក ថា ដរាបណា កម្ពុជា-ថៃ ប្រើផែនទីខុសគ្នា មិនអាចរកចំណុចកណ្ដាល ក្នុងការដោះស្រាយបានទេ។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ដរាមណា យើងប្រើផែនទីខុសគ្នា យើងមិនអាចរកចំណុចកណ្ដាល ក្នុងការដោះស្រាយបានទេ ហេតុនេះហើយ បានជា រាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការដាក់ចំណុចនេះ (តំបន់ព្រំដែន កម្ពុជា-ថៃ) ទៅតុលាការយុត្តិធម៌អន្ដរជាតិ ដើម្បីឱ្យមានអ្នកទីបីមកកាត់ក្ដី។ បើសិនយើងប្រើផែនទីខុសគ្នា ១០ឆ្នាំទៀត ចង់ ១០០ឆ្នាំទៀត ចង់ ១០០០ឆ្នាំទៀត ក៏យើងមិនអាចដោះស្រាយគ្នាបានដែរ ចឹងហើយ យុទ្ធការល្អបំផុត គឺជូនដល់តុលាការ ជួយកាត់ក្ដី»។
ប្រមុខការពារជាតិកម្ពុជា បន្ដថា «ខ្ញុំ ជម្រាបដែរថា ការកាត់ក្ដីនេះ មិនប្រាកដថា កម្ពុជា ចំណេញទឹកដី មិនប្រាកដថាភាគីថៃ ចំណេញទេ វាអាចមានចំណេញ វាអាចមានខាត ដោយយល់ចំណុចកណ្ដាល ប៉ុន្ដែយើងបានអីគេ? យើងបានសន្ដិភាព និងបានការឯកភាពគ្នាទាំងសង់ខាង ថា ព្រំទល់នេះ យើងកំណត់ និងបានឯកភាពគ្នា រួមគ្នា នេះហើយយើងបានពីការ កាត់ក្ដីតុលាការយុត្តិធម៌អន្ដរជាតិ»។
សូមរំលឹកថា ពាក្យបណ្តឹងរបស់កម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានប្រមុខ ការទូតកម្ពុជា លោក ប្រាក់ សុខុន បញ្ជូនលិខិតផ្លូវការមួយច្បាប់ ដែលជាពាក្យបណ្តឹងទៅកាន់លោក Philippe Gautier មន្ត្រីអត្រានុកូលដ្ឋានរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJនាថ្ងៃទី១៥ ខែមិថុនា នឹងបានប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា តាមរយៈឯកអគ្គរាជទូតកម្ពុជាដែលទទួលខុសត្រូវនៅប្រទេសហូឡង់៕
