ព័ត៌មានជាតិ

ប្រធានសហព័ន្ធកីឡា កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពប្រចាំការ នៅប្រាសាទតាមាន់

ឧត្តរមានជ័យ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំថ្នាក់ដឹកនាំសហព័ន្ធ រួមជាមួយគ្រូបង្វឹក និងកីឡាករ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគផ្ដល់ជូនកងទ័ពប្រចាំការ នៅសមរភូមិមុខ នៅប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជា បានសម្ដែងនូវអំណរគុណ និងរំលឹកបង្ហាញ នូវការគោរព នូវវីរភាពនៃវីរយុទ្ធជន ការពារជាតិទាំងអស់ ដែលកំពុងឈរជើង ការពារដែន អធិបតេយ្យភាពជាតិ ទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទីបំផុត ក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។ ពិសេសការអនុញ្ញាត ឲ្យសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានចូលរួមដើម្បីបង្ហាញ ពីការគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេ នាឱកាសនេះ គឺជាសក្ខីភាព នៃការផ្សារភ្ជាប់ រវាងសមរភូមិមុខនិង សមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។

សម្រាប់គ្រឿងឧបភោគបរិភោគ ដែលទទួលបានពីការចូល រួមរបស់ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡា កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា និងអំណោយសម្បុរសធម៌ពីសប្បុរសជន មួយចំនួនខាងលើ រួមមានទឹកសុទ្ធ ២០កេស តង់ចំនួន ១០ តង់ពេទ្យចំនួន ១ និងគ្រឿងឧបភោគបរិភោគផេ្សងទៀត៕

ដោយ: លី ហ្វីលីព

To Top