ព័ត៌មានជាតិ

សម្តេចធិបតី ៖ ពលីកម្មរបស់ព្រិន្ទបាលឯក សួន រោន បង្ហាញពីគំរូវីរភាពការពារទឹកដី

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្បុជា បានមានប្រសាសន៍ថា រំលឹកពីការពលីកម្ម របស់យោធាខ្មែរម្នាក់ ជាព្រិន្ទបាលឯក សួន រោន ដែលត្រូវបានទាហានថ្ងៃបាញ់ សម្លាប់ក្នុងពេលប៉ះទង្គិចគ្នា មួយប្រាវកាលពីថ្ងៃទី២៨ កន្លងទៅនេះ គឺជាគំរូវីរភាពមួយ ក្នុងកិច្ចការពារ បូរណភាពទឹកដីកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា សម្តេចធិបតីបានមានប្រសាសន៍ថា កម្លាំងគាំទ្ររបស់ប្រជាជាតិ មួយយ៉ាងផុលផុសក្នុង កាលៈទេសៈដែលប្រទេសជាតិកំពុង មានបញ្ហា បានបង្ហាញឲ្យឃើញអំពីការយល់ត្រូវ ចំពោះជំហរដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលក្នុងកិច្ច ការពារបូរណភាពទឹកដី ដែលមិនអនុញ្ញាតឲ្យជាតិសាសន៍ ណាមករំលោភបំពាន មើលងាយបានឡើយ ។ សម្តេចធិបតីបន្តថា ជាក់ស្តែងករណីព្រិន្ទបាលឯក សួន រោនដែលលះបង់អាយុជីវិត ការពារបូរណភាពទឹកដីនោះគឺជាវីរភាព មួយមិនអាចកាត់ថ្លៃបានឡើយ ។

សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “កាលពីថ្ងៃទី២៨ ឧសភា មរណភាពរបស់យុទ្ធយើងព្រិន្ទបាលឯក សួន រោន ក្នុងកិច្ចការពារព្រំដែននិងបូរណភាពទឹកដីគឺពិតជាបានបង្ហាញនូវវីរភាពគំរូនិងពលីកម្មដូ៏ថ្លៃថ្លារបស់យុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជន ។ ក្នុងនាមរាជរដ្ឋាភិបាល ជាថ្មីម្តងទៀតសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ សពលោក សួន រោន ដែលបានទទួលមរណភាព ដោយសារការបាញ់ប្រហារដោយ រំលោភបំពានពីសំណាក់ទាហានថៃ មកលើទីតាំងឈរជើងរបស់កម្ពុជា នៅក្នុងដែនអធិបតេយ្យភាព របស់ខ្លួននៅព្រំដែនកម្ពុជា-ថៃនៅតំបន់មុំបី”។

ក្នុងឱកាសនេះដែរ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធ កងទ័ពដែលកំពុងធ្វើសកម្មភាព យ៉ាងម៉ឹងម៉ាត់ក្នុងការការពារបូរណភាពទឹកដីខ្មែរ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
សម្តេចធិបតីក៏បានផ្ញើសារអរគុណ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលបានចូលរួមគាំទ្រ និងលើកទឹកយ៉ាងខ្លាំងក្លា ដល់កងទ័ពខ្មែរនៅព្រំដែន ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងពីការ ជួបជុំគ្នាដើរដោយថ្មើរជើង ដែលបានរៀបចំឡើង ដោយឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងទៅថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញនូវការសាមគ្គីជាតិ ឯកភាពជាតិ ខណៈព្រឹតិ្តការណ៍នេះ មានការចុះផ្សាយពីទូរទស្សន៍អន្តរជាតិជាច្រើន រួមទាំងសារព័ត៌មានថៃ ក៏មានការផ្សព្វផ្សាយដែរនោះ។

សូមបញ្ជាក់ថា លោកសួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធ ជាមួយទាហានថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ៕

To Top