ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្មារតីជាតិនិយម និងស្នេហារជាតិ មានច្រើនទម្រង់ ប៉ុន្តែទោះជាយ៉ាងណា ក្នុងពេលដែលកម្ពុជា ប្រឈមនឹងការគំរាមកំហែង ពីសំណាក់ប្រទេសថៃ គឺជាម៉ោងដែលប្រទេសជាតិ ជាពិសេសប្រជាពលរដ្ឋត្រូវមូលមតិគ្នា និងគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ព ដែលនេះគឺជាខឿន ការពារជាតិពិតប្រាកដ ហើយចាំបាច់ត្រូវធ្វើពេលនេះ ។
ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនលើសលុប បានចេញមកគាំទ្រ លើចំណាត់ការ និងវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលកំពុងឡើងកម្តៅ ជាមួយប្រទេសថៃ ទាំងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ អន្តរជាតិ ICJ ហើយថែមថ្មីៗនេះ ថៃបានគំរាមកម្ពុជា ជុំវិញការផ្អាកផ្គត់ផ្គង់អគ្គិសនី អ៊ីធើណេត បិទច្រកព្រំដែន និងប្រទេសឥន្ទនៈ ក៏ដូចជាឧស្ម័នជាដើម ដោយរាជរដ្ឋាភិបាល កម្ពុជា បានឆ្លើយតបវិញភ្លាមៗ ដោយផ្តាច់ការទទួល យកដោយខ្លួនឯង ដោយពុំចាំបាច់ឱ្យប្រទេសថៃធ្វើឡើយ ខណៈការធ្វើបែបនេះ ត្រូវបានសម្តេចអះអាងថា កម្ពុជា មិនធ្វើខ្លួនឱ្យពុះកញ្ច្រោងនោះទេ តែនឹងធ្វើខ្លួនដូចជាពស់អីចឹង ដោយមិនស្រែកឡូឡា មិនរញ៉េរញ៉ៃ ប៉ុន្តែចឹកឱ្យស្លាប់តែម្តង ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីអង់អាចខ្លាហាន របស់កងកម្លាំងប្រដាប់អាវុធ និងកងទ័ព ទាំងកងនគរបាលជាតិ ដែលកំពុងឈរជើង និងការពារបូរណភាពទឹដី ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ។
ក្នុងនោះសម្តេចធិបតី ក៏បានអរគុណដល់ជនរួមជាតិទាំងអស់ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីជាតិមួយ របស់ជាតិកម្ពុជា នៅពេលដែលប្រទេសជាតិ មានបញ្ហាប្រឈម ដើម្បីបង្ហាញនូវការគាំទ្រ ទៅដល់កងទ័ព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រឈមនឹងបញ្ហាខ្ពស់ នៅក្នុងការការពារបូរណភាពទឹកដី ខណៈដែលសម្តេចអះអាងថា កងកម្លាំង និងកងទ័ពរបស់កម្ពុជា គ្រប់ទីកន្លែង គឺបានប្តេជ្ញាចិត្តខ្ពស់ ដរាបណា មានការប៉ុនប៉ងឈ្លានពាន ជាពិសេសដែលប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា កងទ័ពរបស់កម្ពុជា នឹងប្តូរផ្តាច់ និងការពារឱ្យបានដាច់ខាត នេះគឺជាស្មារតីរបស់កងទ័ព ។
បន្ថែមលើនេះ ហើយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំសមាជិក សមាជិការ និងប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលបានរៀបចំ និងបានចូលរួម ក្នុងមហាព្រឹត្តិការណ៍ ដំណើរថ្មើរជើងរួមគ្នា Solidarity March កាលពីថ្ងៃទី១៨ កន្លងទៅនេះ ដែលមានមនុស្សជាង១៥ម៉ឺននាក់ ចូលរួម ដែលបង្ហាញអំពីស្មារតីផុសផុល នៅក្នុងការចូលរួមដោយស្ម័គ្រចិត្ត បង្ហាញអំពីទឹកចិត្ត មិនត្រឹមតែ១៥ម៉ឺននាក់ជាង ដែលចូលរួមនោះទេ ប៉ុន្តែមានការសារទរ និងគាំទ្រ ដែលអាចមើលបាន តាមរយៈការផ្ទុះការគាំទ្រ ទូទាំងប្រព័ន្ធ Social Media និង គ្រប់កន្លែងទាំងអស់ រហូតទៅដល់កាសែតបរទេស រួមទាំងកាសែតថៃក៏ផ្សព្វផ្សាយព្រោងព្រាត ។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ស្មារតីនៃការបញ្ចេញមកគាំទ្ររបស់ប្រជាជាតិមួយ មិនថាក្នុង និងក្រៅប្រទេស មិនថានិន្នាការ មិនថាសាសនាណា នេះគឺបង្ហាញអំពីការមូលមតិគ្នា ដែលសបញ្ជាក់ថា កម្ពុជាធ្វើត្រូវ ទាំងកងទ័ព និងរាជរដ្ឋាភិបាល បានធ្វើកិច្ចការងារត្រឹមត្រូវ ដើម្បីការពារអធិតេយ្យភាពជាតិ ដោយមិនបានទៅបំពានអ្នកណា ប៉ុន្តែបានត្រៀមលក្ខណៈ និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យភាព និងកិត្តិយសជាតិខ្មែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ស្មារតីជាតិនិយម បែបនេះ ស្នេហារជាតិបែបនេះ គឺជាស្មារតីដែលត្រឹមត្រូវ ដែលថាស្រលាញ់ជាតិពិតប្រាកដ ពិតណាស់ អ្នកស្នេហារជាតិមានច្រើនទម្រង់ មានច្រើនជ្រុង ប៉ុន្តែម៉ោងស្មានេះ ជាម៉ោងដែលប្រទេសយើងមានហានិភ័យ ប្រជាពលរដ្ឋយើងមូលមតិគ្នា គាំទ្រ នេះគឺជាការការពារជាតិពិតប្រាកដ ស្មារតីរួមគ្នានេះហើយ ដែលធ្វើឱ្យយើងខ្លាំង ប្រទេសយើងតូចជាង ប្រទេសមួយទៀត សេដ្ឋកិច្ចយើងមិនទាន់ខ្លាំងដូចគេទទួលស្គាល់ ប៉ុន្តែអ្វីដែលខ្លាំងគឺការមូលមតិឯកភាពជាតិរបស់យើង នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ដែលយើងត្រូវធ្វើពេលនេះ” ៕
