ព័ត៌មានជាតិ

សម្តេចធិបតី ៖ កោះឫស្សី នៅតែជារបស់ខ្មែរ អ្នកណាចង់ទៅលេងក៏បាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កោះឫស្សីស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅតែជារបស់ខ្មែរជាពិតប្រាកដ ពុំបានបាត់បង់ទៅណានោះទេ ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា សម្តេចធិបតីបានមានប្រសាសន៍ថា កោះឫស្សីជាកម្មសិទ្ធិរបស់កម្ពុជាយ៉ាងពិតប្រាកដពុំមានបាត់បង់ទៅណានោះទេ ។ ដូច្នេះប្រជាពលរដ្ឋកុំភ័យព្រួយបារម្ភ ហើយបើចង់ទៅទស្សនាកម្សាន្តអាចទៅលេងបានគ្រប់ពេលវេលា ពុំមានអ្នកណាហាមឃាត់ទេ ។

សម្តេចធិបតីគូសបញ្ជាក់ថា “មិននៅៗទៅថាកោះឫស្សីវៀតណាម យក ទៅជាចឹងទៅវិញ កោះឫស្សី អ្នកណាចង់ទៅមើលជិះទៅអត់ឆ្ងាយទេ ។ កម្ពុជាយើងម្ចាស់ការ ប៉ុន្តែសំណួរសួរថា តើគេចាំបាច់ធ្វើអីម៉ោងស្មើនេះ ។ បើបងប្អូនអ្នកស្នេហាជាតិ ពិតប្រាកដ ខ្ញុំថាគួរតែមូលមតិគ្នា ទៅជាពិសេសការបង្កើតបញ្ហា បង្កើតរឿងផ្សេងៗយកមកបំបែក” ។

ការមានប្រសាសន៍របស់សម្តេចធិបតីនេះ ក្រោយពីសម្តេច បានឃើញមានអ្នកវិភាគម្នាក់ដែលសម្តេចហៅថា ជាអ្នកវិភាគក្បាលទំពែក បានធ្វើការវិភាគ ដោយគ្មានដឹងទិសតំបន់ កោះឫស្សី ត្រូវបានប្រទេសជិត ខាងយកទៅគ្រប់គ្រង។

សូមបញ្ជាក់ថា ក្រោយពីមានអ្នកវិភាគអំពីកោះឫស្សីនេះហើយ កាលពីថ្ងៃ២០ មិថុនា ក៏មានការចែកចាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា «ស្ងាត់ៗ វៀតណាមបានកាន់កាប់កោះឫស្សីហើយ»។ ចំពោះការបំផ្លើសព័ត៌មាន គ្មានការពិតពីក្រុមអគតិមួយចំនួននៅក្រៅប្រទេស កាលពីថ្ងៃ២២ មិថុនា រដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលការផ្សាយព័ត៌មានមិនពិតនេះ ។ រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា កោះឫស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាព របស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

បច្ចុប្បន្ន កោះឫស្សី មានក្រុមហ៊ុនវិនិយោគចំនួន២បាននិងកំពុងដំណើរការអាជីវកម្ម ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សីនេះ៕

To Top