ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន ៣៤ នាក់ ដែលទើបត្រឡប់ពីប្រទេសថៃ បានទទួលឱកាសការងារ នៅតំបន់សេដ្ឋកិច្ចពិសេសចេជាង និងតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ក្រោមការសម្របសម្រួល ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យក់ សង្វាត បានឱ្យដឹងថា ពលករទាំង ៣៤រូប ដែលមានស្ត្រី ១២នាក់ បានផ្តើមធ្វើការនៅថ្ងៃចន្ទ ទី២៣ នេះ ដោយ ៣២នាក់ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ខណៈដែលពលករពីររូប ដែលជាប្តីប្រពន្ធ ទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ដែលមានទីតាំងក្នុងស្រុកមណ្ឌលសីមា ក្នុងជំនាញកសិកម្ម ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអបអរសាទរ ទៅដល់បងប្អូនពលករទាំង ៣៤រូប ដែលទទួលបានឱកាសការងារភ្លាមៗ ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុង ដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ ឱកាសការងានៅកន្លែងតែម្តង។

បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧០០០កន្លែងដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលបានវិល ត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ ពីប្រទេសថៃសូមទាក់ទង និងចូលសាកសួរព័ត៌មាន នៅមណ្ឌលសំចត ឬកន្លែងទទួលពលករ នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាល ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូរ របស់រាជរដ្ឋាភិបាល ៕




