ភ្នំពេញ ៖ តាមរយៈបណ្តាញសារព័ត៌មាននានាក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមមាន៖
ទី១- សេរីភាពក្នុងការធ្វើដំណើរការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើនរួមមានកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរឆ្លងព្រំដែនបាន។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរដែលជាសេរីភាពជាមូលដ្ឋាន ចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា១៣) និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១២)។
ទី២- សិទ្ធិមានជីវភាពរស់នៅសមរម្យ ការបិទព្រំដែនភ្លាមៗបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមានពាណិជ្ជករ កម្មករ និងអ្នកប្រកបអាជីវកម្មតូចៗ។ ពួកគាត់នឹងបាត់បង់ប្រភពចំណូលចម្បង ដែលនឹងបង្កឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ការហូបចុក ផ្ទះសម្បែង និងសុខភាពផ្លូវចិត្ត។ សិទ្ធិនេះត្រូវបានការពារដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១)។
ទី៣- សិទ្ធិមានការងារធ្វើ៖ ការបិទព្រំដែនជាឯកតោភាគីដោយប្រទេសថៃ បានរារាំងពលករទេសន្តរប្រវេសន៍ មិនឱ្យទៅធ្វើការងារ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមានការងារធ្វើ ដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា២៣) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ (មាត្រា៦)។
ទី៤-សិទ្ធិទទួលព័ត៌មាន៖ អ្នកធ្វើដំណើរ ពាណិជ្ជករ និងកម្មកររាប់ពាន់នាក់ ត្រូវបានជាប់តាំង និងជ្រួលច្របល់នៅតាមព្រំដែនដោយសារការបិទព្រំដែនជាឯកតោភាគីពីប្រទេសថៃ ដោយពុំបានជូនដំណឹង ឬចេញសេចក្តីប្រកាសផ្លូវការណាមួយជាមុន។ សិទ្ធិទទួលបានព័ត៌មានត្រូវបានធានាដោយកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៩)។
ទី៥- សិទ្ធិទទួលបានសុខភាព និងការអប់រំ៖ ទោះបីជាសិស្សានុសិស្ស និងអ្នកជំងឺត្រូវបានអនុញ្ញាតឱ្យឆ្លងព្រំដែនក៏ដោយ ក៏ពួកគេនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសអ្នកដែលមានបញ្ហាពាក់ពន្ធ័នឹងឯកសារផ្សេងៗ។ សិទ្ធិទាំងនេះត្រូវបានការពារដោយកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១២ ១៣ និង១៤)។
ទី៦- ការជួញដូរមនុស្ស៖ នៅពេលដែលច្រកព្រំដែនដែលមានសុវត្ថិភាព និងស្របច្បាប់ ត្រូវបានបិទ នឹងបង្ខំឱ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេសកម្មករដែលកំពុងត្រូវការការងារធ្វើ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេសក្រុមជនងាយរងគ្រោះ ដូចជា ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាពជាដើម៕


