ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ មិនបានបង្ហាញឆន្ទៈ​ ក្នុងការសម្របសម្រួលលើពន្ធ លើរថយន្ត របស់ប្រទេសជប៉ុននោះទេ

kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា លោកមិនមានគម្រោងដកពន្ធលើរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់ ដែលដាក់លើប្រទេសជប៉ុននោះទេ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងរបស់ខ្លួន បានសម្តែងនៅក្នុងការចរចា ដែលជាប់គាំងនៅពេលនេះក៏ដោយ។

លោក ត្រាំ បានឲ្យដឹងថារដ្ឋបាលរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីផ្ញើលិខិតជាឯកតោភាគី “ចាប់ផ្តើមឆាប់ៗនេះ” ទៅប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មជាច្រើនទៀត ដែលជូនដំណឹងដល់ពួកគេអំពីអត្រាពន្ធ សម្រាប់ការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។

ការបញ្ជាក់ជាថ្មីរបស់លោក ត្រាំ អំពីជំហររបស់លោកកើតឡើង នៅពេលដែល ការផ្អាករយៈពេល ៩០ ថ្ងៃរបស់រដ្ឋបាលរបស់លោក លើពន្ធគយជាក់លាក់ របស់ប្រទេសត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា ហើយចំពេលមានការជាប់គាំងកិច្ចពិភាក្សាជាមួយទីក្រុងតូក្យូ ជាពិសេសជុំវិញការដំឡើងពន្ធលើរថយន្តនាំចូលពីខែមេសាដល់ ២៧.៥ ភាគរយពី ២.៥ ភាគរយ។

លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញសារព័ត៌មាន Fox News នៅពេលសួរអំពីលទ្ធភាពនៃការពន្យារពេលផ្អាក ដោយប្រើប្រាស់ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិកជាឧទាហរណ៍ថា “ខ្ញុំអាចផ្ញើលិខិតមួយទៅប្រទេសជប៉ុន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានល់កឡើងថា “ពួកគេនឹងមិនយករថយន្តរបស់យើងនោះទេ ហើយយើងយករថយន្ត របស់ពួកគេរាប់លាន និងរាប់លានគ្រឿង ចូលទៅក្នុងសហរដ្ឋអាមេរិក វាមិនយុត្តិធម៌ទេខ្ញុំបានពន្យល់រឿងនោះដល់ជប៉ុន ហើយពួកគេនឹងយល់ថា យើងមានឱនភាពធំ ជាមួយជប៉ុន ហើយពួកគេក៏យល់ដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top