ព័ត៌មានអន្តរជាតិ

រុស្ស៊ី កាត់ទោសអតីតអនុរដ្ឋមន្ត្រីការពារជាតិ ឲ្យជាប់ពន្ធនាគារ ១៣ឆ្នាំ

RT News

មូស្គូៈ តុលាការក្រុងមូស្គូ បានកាត់ទោសអតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov ឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំពីបទកេងបន្លំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ivanov ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំក្នុងទឹកប្រាក់ជាង 4 ពាន់លានរូបល (៥១ លានដុល្លារអាមេរិក) ។ តុលាការក៏បានពិន័យលោក Ivanov ចំនួន ១០០ លានរូបនិងរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃ ២.៥ ពាន់លានរូបល។

គួរបញ្ជាក់ថា លោក Ivanov ត្រូវបានឃុំខ្លួននៅខែមេសា ឆ្នាំ២០២៤ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់។ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងឆ្នាំ ២០១៦។ ក្នុងមុខតំណែងនេះ លោកទទួលបន្ទុករៀបចំការគ្រប់គ្រងទ្រព្យសម្បត្តិ ការចេញវិក្កយបត្ររបស់កងទ័ព លំនៅដ្ឋាន និងជំនួយផ្នែកវេជ្ជសាស្ត្រ សម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាត្រួតពិនិត្យលទ្ធកម្មក្រោមបញ្ជាការពាររដ្ឋផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top