ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា
ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រាលំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។

ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។
កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប្អូនប្រជាជនរួមមាន អង្ករ ៦តោន ទឹកសុីអុីវ ៥០០យួរ មីកញ្ចប់ ១.២៥០ កេស និងសាច់ក្រកចំនួន ១,៥តោន ដែលសុទ្ធសឹងជារបស់ចាំបាច់ដែលអាចជួយសម្រួលទៅដល់គ្រួសារដែលបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុនស្មាតបានលើកឡើងថា៖ “ក្រុមហ៊ុនស្មាត មិនដែលមើលឃើញខ្លួនឯងថាត្រឹមតែជាក្រុមហ៊ុនផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកយើងជាផ្នែកមួយនៃសហគមន៍កម្ពុជា” ។ “ពួកយើងពិតជាមានការព្រួយបារម្ភពីសុខមាលភាពរបស់ប្រជាជន ហើយជឿជាក់ថាសកម្មភាពទាំងនេះគឺជាកាព្វកិច្ចរបស់យើងក្នុងការគាំទ្រប្រជាជនកម្ពុជា ជាពិសេសនៅក្នុងពេលប្រទេសកំពុងជួបការលំបាកបែបនេះ។ ទាំងនេះគឺបង្ហាញអំពីការចែករំលែក និងស្មារតីសាមគ្គីជាធ្លុងមួយ ក្នុងកាលៈទេសៈដែលសំខាន់។”
នេះមិនត្រឹមតែជាការផ្ដល់ជំនួយប៉ុណ្ណោះទេ បុគ្គលិករបស់ស្មាតជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការ វេចខ្ចប់ ដឹកជញ្ជូន និងចែកជូនស្បៀងអាហារដោយផ្ទាល់ទៅកាន់គ្រួសារនៅតំបន់សុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្ហាញពីការប្រកាន់ខ្ជាប់របស់ ក្រុមហ៊ុន Smart ទាំងមូល ដើម្បីទំនុកបម្រុងសហគមន៍ ស្របទៅតាមសសរស្ដម្ភចីរភាពរបស់ខ្លួន ជាពិសេសក្នុងគ្រាលំបាក។

សកម្មភាពនេះ ជាផ្នែកមួយនៃការផ្ដល់ជំនួយជាបន្តបន្ទាប់របស់ Smart។ ក្រុមហ៊ុនក៏បានបង្ហាញការកោតសរសើរទៅដល់ទាហ៊ានជួរមុន សម្រាប់ភាពអង់អាចក្លាហានក្នុងការការពារមាតុភូមិ តាមរយៈការចូលរួមផ្ដល់ជូននូវសម្ភារៈប្រើប្រាស់ដែលចំាបាច់មួយចំនួនដូចជា អង្ករចំនួន ២តោន សាច់ក្រកជ្រូកចំនួន ៥០០ គីឡូក្រាម មីជាតិចំនួន ៤១៦ កេស ទឹកសុីអុីវចំនួន ១.០០០ ដប អាវយឺត ២០០អាវ ឆ័ត្រតូចចំនួន ៣០ និងឆ័ត្រធំចំនួន ៣០។ ជាមួយគ្នានេះដែរ Smart ក៏ បានបន្តផ្ដល់ជំនួយទៅកាន់ក្រុមការងារនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបាននាំយកនូវសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួល ដល់ការវិលត្រឡប់របស់ពលករខ្មែរមកកាន់ស្រុកកំណើតវិញ។
ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Smart ដែលបានចំណាយពេលវេលានាំយកអំណោយទាំងអស់នេះ មកជូនផ្ទាល់ដល់បងប្អូនប្រជាជន។ លោកក៏បានលើកឡើងដែរថា “អំណោយទាំងនេះ ពិតជាបង្ហាញនូវឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាយើង ដើម្បីសង្គម និងប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងត្រូវការជាចាំបាច់។”

Smart កំពុងបន្តតាមដានស្ថានភាពនៃការត្រឡប់ចូលស្រុករបស់ពលករខ្មែរ និងពង្រឹងការតភ្ជាប់ ព្រមទាំងការផ្ដល់ជំនួយផ្សេងៗ ដើម្បីធានាថាមិនមាននរណាម្នាក់ដែលត្រូវបានទុកចោលក្នុងគ្រាលំបាកនេះឡើយ។
ខណៈដែលកម្ពុជាកំពុងជួបបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Smart នៅតែប្រកាន់ខ្ជាប់នុូវការយកចិត្តទុកដាក់ទៅលើប្រជាជនកម្ពុជា មិនត្រឹមតែក្នុងការផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមទំនុកបម្រុងដល់បងប្អូនប្រជាជនក្នុងគ្រាលំបាកផងដែរ។
