បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានបញ្ជាក់ថា ក្រុមអធិការមួយក្រុមមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចាកចេញពីប្រទេសអ៊ីរ៉ង់ហើយ។
រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមុន។
ទីភ្នាក់ងារ IAEA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកត្រួតពិនិត្យនឹង ត្រឡប់ទៅទីស្នាក់ការទីភ្នាក់ងារនៅទីក្រុងវីយែនវិញបន្ទាប់ពីស្នាក់នៅក្នុងទីក្រុងតេហរ៉ង់ពេញមួយជម្លោះយោធាថ្មីៗនេះ ។
ទីក្រុងតេហរ៉ង់បានសហការជាមួយអង្គការឃ្លាំមើលអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ ដោយរក្សាបានថា ខ្លួនកំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់តែការប្រើប្រាស់ស៊ីវិលប៉ុណ្ណោះប៉ុន្តែមកដល់ពេលនេះចុងក្រោយនេះ អ៊ីស្រាអែលបានអះអាងថា ក្រុងតេហរ៉ង់កំពុងបង្កើតអាវុធនុយក្លេអ៊ែរដោយសម្ងាត់និងបានបើការវាយប្រហារយ៉ាងខ្លាំងក្លា ព្រមទាំងមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិកផង។
ហេតុការណ៍វាយប្រហារនោះកើតឡើងនៅក្រោយនៅថ្ងៃទី១២ ខែមិថុនាដែល IAEA បានចោទប្រកាន់អ៊ីរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងការពារដ៏សំខាន់មួយ ដោយមិនបង្ហាញភស្តុតាងណាមួយទៅនឹងអ្វីដែលខ្លួនចង់បាន។ នៅថ្ងៃបន្ទាប់ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាច្រើនកន្លែង៕
ប្រែសម្រួល៖ ស៊ុនលី
