ព័ត៌មានជាតិ

ពលរដ្ឋធ្វើដំណើរ លើផ្លូវជាតិលេខ៤៨ រអ៊ូរទាំចំពោះក្រុមហ៊ុន រកស៊ីដឹកដី ហូរកំពប់ប្រឡាក់ពេញផ្លូវ

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅវិញ ទៅមកលើបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅខេត្តកោះកុង បាននាំគ្នារអ៊ូរទាំចំពោះក្រុមហ៊ុនឯកជនមួយ ដែលម្ចាស់ជាអ្នកមានអំណាចបានដឹកដី តាមរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ធ្វើឲ្យជ្រុះដីប្រឡាក់ពេញផ្លូវពិបាក ខណៈដែលក្រុមហ៊ុនស្ថាបនាផ្លូវបានធ្វើស្អាត ហើយនោះ ។

ប្រជាពលរដ្ឋម្នាក់ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៨ ស្ទើរតែជារៀងរាល់ថ្ងៃបានឲ្យដឹងថា ទាំងរូបគាត់ និងពលរដ្ឋផ្សេងទៀត មិនបានហាមឃាត់ មិនឲ្យរថយន្តដឹកដីបើកឆ្លងកាត់នោះទេ ប៉ុន្តែសូមសំណូមពរទៅអ្នកបើកឡាន ឬក៏ថៅកែឡាននៅពេល ដែលមានជ្រុះដីចាក់ពាសពេញផ្លូវហើយ ត្រូវបោសសំអាតចេញផង ដើម្បីសុវត្ថិភាពពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ និងជៀសវាងការរអិលនាំឲ្យបង្កគ្រោះថ្នាក់។

ដោយភ្ជាប់ទាំងរូបភាព មកជាមួយផងនោះ ពលរដ្ឋដដែលក៏បាន ស្នើទៅអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាលោកស្រី អភិបាលខេត្តកោះកុង ជួយចាត់មន្រ្តីក្រោម ឱវាទចុះពិនិត្យករណីនេះផង ខណៈផ្លូវនេះជាផ្លូវសំខាន់ដែលឆ្ពោះ ទៅរមណីយដ្ឋាន ទេសចរណ៍នានារបស់ខេត្ត ។

ពលរដ្ឋខាងលើនេះ ក៏បានលើកជាសំណូមពរបន្តថា មិនចំពោះតែផ្លូវជាតិលេខ៤៨នេះ សូម្បីផ្លូវជាតិសំខាន់ៗ ផ្សេងៗនៅទូទាំងប្រទេសក៏ត្រូវជៀសវាងករណីដីហូរកំពប់ប្រឡាក់ពេញផ្លូវ ៕

To Top