ភ្នំពេញ ៖ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែង ជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ លើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះ ដូចជា អប់រំ, សុខាភិបាល និងកសិកម្មជាដើម ។
ការប្តេជ្ញា របស់លោកស្រី អនុប្រធានធនាគារពិភពលោក ខាងលើនេះ ធ្វើឡើងនារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងជំនួបខាងលើនេះ លោកលោកស្រី Manuela V. Ferro បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោក មានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាន នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើង ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ។ ការណ៍នេះបានធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេស ដែលមានការវិវឌ្ឍទៅមុខ ប្រកបដោយថាមពល។ ជាក់ស្ដែង, ក្នុងអំឡុងវិបត្តិកូវីដ-១៩, កម្ពុជាបានក្លាយជាប្រទេស ឈានមុខគេមួយ ដែលសម្រេចបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។

បន្ថែមលើសពីនេះ លោកស្រី បានអះអាងថា ធនាគារពិភពលោក ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ច សហប្រតិបត្តិការ លើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល និងកសិកម្ម។
លោកស្រី បានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា គួរពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាព វិស័យសក្ដានុពល រួមមាន៖ ថាមពល, កសិកម្ម, កសិ-ឧស្សាហកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់ ទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលមានស្រាប់។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះការរួមចំណែក របស់ធនាគារពិភពលោក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយគន្លឹះ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍ ប្រកបដោយភាពធន់ និងចីរភាព។
សម្ដេចធិបតី បានគូសបញ្ជាក់ពីការផ្ដោតអាទិភាព លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងការអប់រំ ចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិស ជ្រើសរើសជំនាញ ។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានលើកពីកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥លាននាក់ សំដៅពង្រឹងសមត្ថភាព ប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញ គោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយ ភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំ នៃវិស័យទាំងនេះ។
សម្ដេចធិបតី បានជំរុញលើកទឹកចិត្ត ឱ្យធនាគារពិភពលោក បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, វិស័យឌីជីថល, ថាមពលកកើតឡើងវិញ, អប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕
