ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា កម្ពុជាបានទទួលយកប្រព័ន្ធច្បាប់ខ្មែរតាមបែបលំនាំបារាំងពីឆ្នាំ១៨៨៤ដល់ឆ្នាំ១៩៨៩ ហើយបានផ្លាស់ប្តូររៀបចំ ប្រព័ន្ធច្បាប់ដោយខ្លួនឯងនៅឆ្នាំ១៩៩៣ ខណៈច្បាប់ខ្មែរតាំងពីបុរាណកាលមក មានលំនាំតាមបែបទស្សនវិទ្យា តាមបែបចម្រុះជំនឿសាសនា រួមមានទាំងជំនឿអរូបិ ពោលជំនឿលើអ្នកតាម្ចាស់ទឹក ម្ចាស់ដី ព្រៃប្រឹក្សា ខេត្ត ស្រុក ភូមិជាដើម ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នៅព្រឹកថ្ងៃទី១០ ខែកក្កដា សម្ដេចធិបតី មានប្រសាសន៍ថា ទន្ទឹមនឹងការប្រតិបត្តិលទ្ធិទេវរាជ តាមហិណ្ឌូសាសនា និងព្រហ្មសាសនា ព្រះពុទ្ធសាសនាក៏ត្រូវបានបដិបត្តិផងដែរ តាមបែបបថនិយាន្តទាំង៣ អាស្រ័យទៅតាមជម្រើសនៃការសិក្សា និងការប្រតិបត្តិស្របតាមដំណើរវិវត្តន៍នៃប្រវត្តិសាស្រ្តរបស់កម្ពុជា ។
សម្តេចធិបតីគូសបញ្ជាក់ថា “ចាប់តាំងពីដំណើរភាវូបនីយកម្ម ប្រព័ន្ធច្បាប់ខ្មែរតាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមកដល់ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយ ជាប្រព័ន្ធច្បាប់តាមលំនាំច្បាប់បែបបារាំងដែលបានបន្តរហូតដល់ពេលប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូងនៅឆ្នាំ១៩៤៧ ។ វប្បធម៌រដ្ឋធម្មនុញ្ញតាមបែបបារាំងបានផ្លាស់ប្តូរទៅតាមរបត់នៃនយោបាយជាច្រើនជំនាន់ រហូតដល់ថ្ងៃរំដោះ៧មករា ១៩៧៩ និងបន្តផ្លាស់ប្តូររហូតមកដល់ឆ្នាំ១៩៨៩” ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយបានរៀបចំប្រព័ន្ធច្បាប់ និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញ នៅក្រោមដំបូងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ ដោយទទួលយកជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសប្រកាន់យកប្រព័ន្ធបែបបារាំង បែបអង់គ្លេស ក្នុងគោលដៅចម្បងធ្វើសមាហរណកម្មប្រទេសកម្ពុជា ចូលទៅក្នុងនិម្មាបនកម្មទាំងក្នុងតំបន់និងពិភពលោក៕
