ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរ អាជ្ញាធរភ្នំពេញ ធ្វើបានល្អលើកិច្ចការប្រមូល និងដឹកជញ្ជូនសំរាម​ នាំឱ្យទីក្រុងមានសោភណ្ឌភាព

ភ្នំពេញ៖​ ក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ធ្វើឱ្យទីក្រុងមានសោភណ្ឌភាព រួមទាំងការងារស្តារប្រឡាយ លូ ស្តារព្រែករំដោះទឹកបានលឿន​ បានកាត់បន្ថយនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street ដែលទទួលបានការគាំទ្រ និងពេញនិយមពីភ្ញៀវជាតិនិងអន្តរជាតិ។    

ស្របគ្នានឹងការកោតសរសើរលើកិច្ចការខាងលើនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យឱ្យបានល្អិតល្អន់​ ចំពោះដើមឈើគ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ ដើម្បីជៀសវាងឱ្យបាន​ នូវគ្រោះថ្នាក់ដែលបង្កឡើង ដោយការបាក់រលំដើមឈើទាំងនេះ ជាមួយនិងការស្នើឱ្យមានការសម្រួល នៃការផ្តល់សេវា ប ស ស នៅតាមមន្ទីរពេទ្យ ឱ្យបានលឿនដោយសារប្រជាពលរដ្ឋ សម្រុកទៅទទួលសាវាច្រើនសន្ធឹកសន្ធាប់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២  អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក​ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ​ នៅសាលារាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការប្រកាសតែងតាំងមន្ត្រីចំណុះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៤រូបផងដែរ ក្នុងនោះត្រូវបានតែងតាំងលោកសួស ឆមុន្នី ជានាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានី និងមន្ត្រី២រូបទៀត។​ តែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យ ប្រជាពលរដ្ឋ ដើម្បីបំពេញ ការងារនៅការិយាល័យ ប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយ បណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន បានលើកឡើងថា ការប្រកាសតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋ កើតចេញពីការបោះឆ្នោត​ ក្នុងក្រុមប្រឹក្សាកន្លងមក ហើយត្រូវបានប្រកាសនៅពេលនេះ។ ការងារនៅការិយាល័យប្រជាពលរដ្ឋ លោក លន់ សុភាព មិនប្រាកដថា ចេះការងារទាំងអស់នោះទេ ដែលទៀមទាឱ្យមានការណែនាំ ពីរបៀបរបបធ្វើការងារជូនគាត់ផង។

ជាមួយគ្នានេះលោក កើត ឆែ បានគូសបញ្ជាក់ថា ការប្រើប័ណ្ណ ប ស ស រដ្ឋាភិបាលបានសម្រួលរហូត មានសេវានេះ​នៅតាមមន្ទីរពេទ្យឯកជនថែមទៀត។ ការសម្រុកទៅពិនិត្យព្យាបាលជំងឺ ពីការប្រើប័ណ្ណ ប ស ស នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន​ មានចំនួនច្រើនលើសលប់នោះ គឺដោយសារប្រជាពលរដ្ឋ មានជំនឿលើមន្ទីរពេទ្យនោះ។

លោក កើត ឆែ បានបន្តថា ដើមឈើគ្រប់ប្រភេទ​ នៅក្នុងរាជធានីភ្នំពេញ តែងតែបាក់រលំទៅតាមធម្មជាតិរបស់វា ដែលបង្កឱ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។ ចំពោះការងារនេះ ដោយមានការយកចិត្តទុកដាក់ ពីអភិបាលរាជធានីភ្នំពេញ ដោយបានណែនាំឱ្យមន្ទីរសាធារការ​ និងដឹកជញ្ជូនរដ្ឋបាលរាជធានីភ្នំពេញ កាត់ លះមែកឈើ និងពិនិត្យមើលដើមឈើ ជាប្រចាំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការគ្រោះថ្នាក់ដែលផ្តើមចេញ ពីបាក់រលំដើមឈើនេះ តែងតែកើតមាន ដែលទៀមទា ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នា នៅពេលធ្វើដំណើរតាមដងផ្លូវ ពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕

To Top