ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថា ទោះបីជាជម្លោះព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយជិត២ខែកន្លងមកក៏ដោយ ប៉ុន្តែគោលជំហររបស់កម្ពុជាមិនបោះបង់ចោលឡើយនូវយន្តការ ដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Martin Vávra ថាសម្តេចតេជោ បានរំលឹកពីការឈ្លានពានរបស់ទាហានមកលើទឹកដីកម្ពុជាកាលពីចុងខែឧសភា កន្លងមកដែលបានបណ្តាលឲ្យទាហានខ្មែរបាត់បង់ជីវិត ។ សម្តេចតេជោបន្តថា បន្ទាប់ពីនោះមក ថៃតែងតែធ្វើទុក្ខបុកម្នេញកម្ពុជាជាហូរហែរ តាមរយៈបានបិទទ្វារព្រំដែនជាឯកតោភាគី គំរាមកាត់ផ្តាច់ការផ្តល់សេវាប្រព័ន្ធអ៊ីនធើណេត អគ្គិសនី ប្រេងឥន្ទនៈ ឧស្ម័ន ជាដើម ដែលនេះជាលេសមិនចង់ឡើងទៅតតាំងក្តីជាមួយកម្ពុជានៅតុលាការICJ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា “អ្វីដែលកម្ពុជាចង់បាន សម្តេចតេជោបញ្ជាក់ថា គឺយើងចង់បានសន្តិភាព យើងមិនចង់ធ្វើសង្គ្រាមទេ ។ អ្វីដែលយើងចង់បានការដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី និងតាមរយៈការដោះស្រាយបញ្ហាទៅតាមយន្តការច្បាប់អន្តរជាតិ ពោលគឺយកតំបន់ដែលមានជម្លោះទាំង៤(មុំបី ប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី)ទៅកាន់តុលាការអន្តរជាតិICJ” ។
ជាមួយគ្នានេះ សម្តេចតេជោចង់ឃើញប្រទេសឆែកជួយធ្វើការជំរុញប្រទេសថៃដែលបង្កជម្លោះឥតស្រាក់ស្រាន្តជាមួយកម្ពុជាដោះស្រាយតាមយន្តការអន្តរជាតិ ដើម្បីជៀសវាងការបង្ហូរឈាមដាក់គ្នា ៕



