បាត់ដំបង៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរ ដ៏យូរអង្វែងពីសម័យបរមបុរាណមក។
ក្នុងពិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សារំចេក៣ ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញលើកទឹកចិត្ត ឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរដ៏យូរអង្វែងពីសម័យបរមបុរាណមក ដែលដូនតាយើងបានបន្សល់នូវសិលាចារឹកប្រមាណជា ១ពាន់ផ្ទាំង មានសាកលវិទ្យល័យតាំងពីសម័យអង្គរ ដែលបានបណ្ដុះបញ្ញវន្តជាច្រើន ហើយយើងត្រូវបន្តបណ្តុះបណ្តាលបញ្ញាជនថែមទៀត ដើម្បីជាសសរទ្រូងរឹងមាំគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ដូច្នេះហើយ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការអភិវឌ្ឍធនធានមនុស្ស ដែលនេះជាអាទិភាពចម្បងមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនូវវិធានការបង្រៀនបន្ថែម ២ម៉ោងទៀត ដើម្បីអប់រំចរិយាធម៌ សីលធម៌ ឥរិយាបថ ដើម្បីឱ្យធនធាមនុស្សយើងជំនាន់ក្រោយ ចម្រើនលូតលាស់ទាំងបញ្ញាស្មារតី ចំណេះដឹង វិន័យ សីលធម៌ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ (ទី១) គឺការបង្កើតមត្តេយ្យសិក្សាឱ្យបានច្រើន ដើម្បីឱ្យមាតាបិតា អាណាព្យាលយល់ពីសារៈសំខាន់នៃការអប់រំ បញ្ជូនកូនទៅរៀនមតេ្តយ្យពីអាយុ ៣ឆ្នាំ ទៅ ៥ឆ្នាំ (ទី២) លើកកម្ពស់ការសិក្សារៀនសូត្រភាសាលខ្មែរឱ្យចេះច្បាស់ ដោយជំរុញការអនុវត្តកម្មវិធី កញ្ចប់អំណានដំបូង គណិតវិទ្យាដំបូង (ទី៣) រៀបចំសាលារៀនគំរូ បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ឱ្យមានចំណេះដឹងជ្រៅជ្រះ មានវិធីសាស្ត្របង្រៀនល្អ បង្រៀនសិស្សឱ្យងាយយល់ឆាប់ចេះនិងចាំបានយូរ៕





