បរទេស៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិនបានជំរុញកម្ពុជា និងថៃ ឱ្យដោះស្រាយជម្លោះព្រំដែនតាមរយៈការសន្ទនាជាមិត្ត ដោយចិនផ្តល់តួនាទីក្នុងន័យស្ថាបនា ដោយរក្សាជំហរ “យុត្តិធម៌ និងមិនលម្អៀង”។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Wang Yi បានជំរុញឱ្យមានការរួមរស់ដោយសន្តិភាពរវាងប្រទេសជិតទាំងពីរ ខាងក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមភាគីថៃ គឺលោក Maris Sangiampongsa នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី។

លោក Wang បាននិយាយថា “ប្រទេសចិនមានឆន្ទៈក្នុងការរក្សានូវគោលជំហរ យុត្តិធម៌ មិនលម្អៀង និងដើរតួនាទីស្ថាបនាសម្រាប់ភាពសុខដុមរមនារវាងប្រទេសថៃ និងកម្ពុជា។
ភាពតានតឹងបានកើនឡើង រវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍គឺថៃ និងកម្ពុជា ចាប់តាំងពីថ្ងៃទី ២៨ ខែ ឧសភា បន្ទាប់ពីទាហានកម្ពុជាម្នាក់ត្រូវបានសម្លាប់។ កាលពីខែមុន កម្ពុជាបានស្នើទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឲ្យដោះស្រាយជម្លោះនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីសង្ខេបដាច់ដោយឡែកមួយថា លោក Wang ក៏បានរំលឹកឡើងវិញអំពីភាពមិនលំអៀងរបស់ប្រទេសចិន លើបញ្ហាព្រំដែន នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃដដែលនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
