ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់សម្ពាធលើទ្វីបអាហ្រ្វិក ឱ្យទទួលយកអ្នកនិរទេសវេណេស៊ុយអេឡា

Xinhua

អាប៊ូចា៖ រដ្ឋមន្ត្រីក្រសួងការបរទេសនីហ្សេរីយ៉ា លោក Yusuf Tuggar បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ “សម្ពាធយ៉ាងខ្លាំង” លើបណ្តាប្រទេសអាហ្វ្រិករួមទាំងនីហ្សេរីយ៉ា ឱ្យទទួលយកជនជាតិវ៉េណេស៊ុយអេឡា ដែលកំពុងនិរទេសពីសហរដ្ឋអាមេរិក ដែលខ្លះចេញពីពន្ធនាគារដោយផ្ទាល់។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channels ក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Tuggar បានឲ្យដឹងថា នីហ្សេរីយ៉ា មិនអាចចុះចាញ់នឹងសម្ពាធបែបនេះទេ ដែលជាសញ្ញាបង្ហាញពីស្រទាប់ថ្មីនៃភាពស្មុគស្មាញក្នុងទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសអាហ្វ្រិក។

រដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ពីជំហររឹងមាំរបស់នីហ្សេរីយ៉ា ប្រឆាំងនឹងការទទួលយកជននិរទេសបែបនេះ ដោយកត់សម្គាល់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសង្គម ដែលមានស្រាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិក។

លោកបានលើកឡើងថា “វានឹងពិបាកសម្រាប់ប្រទេសមួយដូចជានីហ្សេរីយ៉ា ក្នុងការទទួលយកអ្នកទោសវេណេស៊ុយអេឡា ចូលទៅក្នុងប្រទេសនីហ្សេរីយ៉ា។ យើងមានបញ្ហាគ្រប់គ្រាន់របស់យើង” ដោយបន្ថែមថាជាមួយនឹងចំនួនប្រជាជនជាង ២០០ លាននាក់ នីហ្សេរីយ៉ា មិនមានទីតាំង ដើម្បីទទួលអ្នកទោសបរទេសនោះទេ ជាពិសេសអ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្មដ៏សក្តានុពល។

លោក​បាន​លើកឡើងថា ការ​ទទួល​បាន​សំណើ​បែប​នេះ​អាច​កំណត់​គំរូ​មិន​មាន​និរន្តរភាព​សម្រាប់​ការ​និរទេស​នា​ពេល​អនាគត។  រដ្ឋមន្ត្រីរូបនេះ ក៏បានស្នើផងដែរនូវទំនាក់ទំនង ដែលមានសក្តានុពលរវាងសម្ពាធនេះ និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់ប្រទេសនីហ្សេរីយ៉ា ដោយថា ពន្ធ ១០ភាគរយថ្មីដែលដាក់ដោយរដ្ឋបាលលោក ត្រាំ លើទំនិញនីហ្សេរីយ៉ា ក៏ដូចជាការកែប្រែសុពលភាពទិដ្ឋាការរយៈពេល ៣ខែសម្រាប់ពលរដ្ឋនីហ្សេរីយ៉ា អាចជាផលវិបាកនៃការបដិសេធរបស់នីហ្សេរីយ៉ា ក្នុងការទទួលយកជននិរទេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top