ព័ត៌មានជាតិ

ពលរដ្ឋយ៉ាងច្រើនកុះករ រួមទាំងអភិបាលរាជធានីភ្នំពេញ អង្គុយទស្សនា ការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» នៅផ្លូវថ្មើរជើង រាត្រីទី១៣ កក្កដា

ភ្នំពេញ៖ នៅផ្លូវថ្មើរជើង (Walk Street) កាន់តែល្បីល្បាញខ្លាំងណាស់​ នៅសប្ដាហ៌ទី២៣នេះ មានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ដែលបានទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនា ទោះបីនៅថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹកភ្លៀងមិនបានរារាំងជាពលរដ្ឋ មកលេងកម្សាន្តឡើយ ។

តួរយ៉ាងនារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនា ល្ខោនបាសាក់នៃមន្ទីរវប្បធម៌និងវិចិត្រសឹល្បៈរាជធានីភ្នំពេញ ក្រុមទី១ ដែលដឹកនាំការសម្ដែងដោយលោក អុល សំអាង ដែលបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម នៅផ្លូវថ្មើរជើង (Walk Street)។ រោងល្ខោននេះ បានរៀបចំនាមាត់ទន្លេ ក្បែរទីតាំងរូបសំណាក់ តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន ទាំងលោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជាមួយប្រជាពលរដ្ឋ ដែលមានទាំងអង្គុយ និងឈរ ទាំងចាស់ទាំងក្មេង យ៉ាងច្រើនកុះករ រួមជាមួយភាពប៉ិនប្រសព្វនៃការសម្តែងរបស់ក្រុមដឹកនាំសម្តែង ញ៉ាំងឱ្យបរិយាកាស នៅមុខរោងល្ខោនកាន់តែអ៊ូរអរ និងទាក់ទាញអ្នកមកកម្សាន្តនៅ ផ្លូវថ្មើរជើង (Walk Street) ពីម្នាក់ទៅម្នាក់ចូលមកទស្សនា បង្កើតបានភាពសប្បាយរីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្ត នាចុងសប្តាហ៍។

នៅក្នុងការសម្តែងរបស់ក្រុមសម្តែងល្ខោន ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ដែលសម្តែងជូនអ្នកទស្សនា នារាត្រីទី១៣កក្ដដានេះ ជាសាច់រឿងមួយឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពល​ ព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣ ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលប់លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន ។

នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរ ឈ្មោះតេជោមាសនិងតេជោយ៉តដែលជាគ្រូនិងសិស្ស បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួមទស្សនា ស្រែកហ៊ោនិងទះដៃអបអរសាទរ យ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹង ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោងលើ២៤ម៉ោង ក្នុងការការពារបូរណភាពទឹកដី ឯនាព្រំដែនផងដែរ ។

គួរឱ្យដឹងថា ការសម្តែងល្ខោនបាសាក់ របស់ក្រុមសម្តែង លោក អុល សំអាង នាផ្លូវថ្មើរជើង (Walk Street) នេះ ត្រូវបានឧបត្ថម្ភគាំទ្រ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណា ឱ្យពលរដ្ឋដែលមកកម្សាន្តនៅផ្លូវថ្មើរជើង ទទួលបានបទពិសោធន៍ថ្មីៗ ជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្តនិងការស្នេហាជាតិ របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នផងដែរ ។

សូមបញ្ជាក់ថា ដំណើររឿង«តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើងនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុង កិច្ចការពារបូរណភាពទឹកដី៕

To Top