ព័ត៌មានជាតិ

សម្តេចតេជោ៖ ក្នុងពេលវិសោធនកម្មច្បាប់ចុងក្រោយឆ្នាំ២០២២ បានគិតពីការដកសញ្ជាតិរួចទៅហើយ តែមិនទាន់ឱ្យធ្វើ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលេចថា ការតាក់តែងច្បាប់ស្តីពីការដកសញ្ជាតិ ដែលនឹងត្រូវអនុម័តនាពេលខាងមុខនេះ ត្រូវបានរៀបចំគិតគូររួចជាស្រេចទៅហើយ កាលពីអំឡុងពេលធ្វើវិសោធនកម្មច្បាប់ចុងក្រោយ នៅឆ្នាំ២០២២ គ្រាន់តែសម្តេចមិនឱ្យធ្វើតែប៉ុណ្ណោះ ។

ថ្លែងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានគូសរំលេចថា វិសោធនកម្មចុងក្រោយនៅចុងឆ្នាំ២០២២ ពេលនោះសម្តេច ក្នុងពេលជានាយករដ្ឋមន្ត្រី បានប្រគល់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រៀបចំស្តីពីការធ្វើវិសោធនកម្ម លើចំណុចនានាដែលខ្វះខាត រាប់ទាំងបញ្ហាទាក់ទងនឹងការរៀបចំការតែងតាំងរដ្ឋាភិបាល ការតែងតាំងនាយករដ្ឋមន្ត្រី ដែលសុទ្ធសឹងតែជាចន្លោះប្រហោង ដូចជាស្ថានភាពនៅទំនេរជាស្ថាពរ នៃតំណែងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកនូវច្បាប់ដកសញ្ជាតិរួចទៅហើយ គ្រាន់តែសម្តេចបានស្នើសុំកុំទាន់ឱ្យធ្វើ ដោយសារមិនទាន់ដល់ពេលវេលា ។

ការមិនទាន់ឱ្យធ្វើតាំងពីវិសោធនកម្មច្បាប់ចុងក្រោយនេះ ដោយសារតែសម្តេចយល់ឃើញថា ប្រទេសកម្ពុជា តាំងពីដើមឡើយ បើទោះបីមានសភាពការអ្វីក៏ដោយ ក៏មិនដែលដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬក៏ច្បាប់អាជ្ញាសឹក ឬមួយក៏ប្រកាសកំណើនទូទៅនោះទេ ។ ក្នុងនោះសម្តេចតេជោ បញ្ជាក់ថា សូម្បីក្នុងអំឡុងពេលមានការរាតត្បាតនូវជំងឺកូវីដ១៩ ក៏កម្ពុជា មិនបានប្រកាសដាក់ប្រទេសកម្ពុជា ក្នុងគ្រាមានអាសន្ននោះឡើយ ក្នុងពេលដែលប្រទេសនានានៅលើពិភពលោក បានដាក់រួចទៅហើយ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សម្រាប់អ្វីដែលយើងកំពុងធ្វើនេះ វាបានមកដល់ គឺនៅពេលដែលវាបានមកដល់ យើងបានដឹងហើយថា សភាពការណ៍យើងកំពុងជួបប្រឈមជាមួយបញ្ហាអ្វី ខ្ញុំគិតថា ប្រសិនបើគ្មានសភាពការព្រំដែន រវាងកម្ពុជា និងថៃ ទេ យើងក៏ពុំមានការចាំបាច់ ដើម្បីធ្វើដែរ ចឹងចំណុចនេះ ខ្ញុំនៅចាំច្បាស់ថា ថ្ងៃទី២៧ ខែមិថុនា កន្លងទៅ នៅឯទីរួមខេត្តព្រះវិហារ ខ្ញុំបានស្នើឱ្យធ្វើអាហ្នឹងឡើង ហើយវាជាភ័ព្វសំណាងរបស់យើងដែល រដ្ឋសភា និងរាជរដ្ឋាភិបាល បានធ្វើកិច្ចការងារនេះ អ្វីដែលយើងត្រូវមើលឃើញឱ្យហើយ ដូចឯកឧត្តម កើត រិទ្ធ បានលើកឡើង វិសាលភាពនៅទីនេះ គោលដៅនៅទីនេះ គឺចែងច្បាស់ណាស់ គ្មានពលរដ្ឋណាមួយ ដែលត្រូវដកសិទ្ធិនោះទេ ប្រសិនបើអ្នកទាំងនោះ មិនបានធ្វើអ្វីមួយ ដែលប្រឆាំង ក្បត់នឹងផលប្រយោជន៍ជាតិខ្លួនឯង ដូច្នេះមិនចាំបាច់ភ័យទេ” ។

បន្ថែមលើនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា និយមន័យនៃការក្បត់ជាតិ មិនមែនជាការបញ្ចេញមតិនោះទេ មិនមែនជាការជំទាស់ ឬធ្វើជាបក្សប្រឆាំង ហើយស្មើនឹងទោសក្បត់ជាតិនោះ គឺមិនមែនទេ តែជាទង្វើទាំងឡាយ ដែលឃុបឃិតជាមួយបរទេស បំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា កម្ពុជា មានច្បាប់ធ្វើសញ្ជាតូបនីយកម្ម ហើយមកដល់ពេលបច្ចុប្បន្ន មានបរទេសជាច្រើនបានចូលសញ្ជាតិខ្មែរ ដោយកម្ពុជា មានសិទ្ធិត្រឹមតែបញ្ចូល តែគ្មានសិទ្ធិដកសញ្ជាតិគេវិញទេ ហេតុនេះ រាជរដ្ឋាភិបាល បានដើរដល់ចំណុចនេះហើយ៕

To Top