ព័ត៌មានជាតិ

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវ ក្របខ័ណ្ឌពិនិត្យ តាមដាន និង វាយតម្លៃ ដើម្បី លើកកម្ពស់ ការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ

រូបភាព៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CCIED) សហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗ បានប្រកាសដាក់ឱ្យប្រើប្រាស់ នូវក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃ (M&E) សម្រាប់យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (NSIED) ឆ្នាំ២០២៣-២០២៨។
ក្របខ័ណ្ឌនេះ ត្រូវបានបង្កើតឡើង ដោយមានការគាំទ្រ ពីប្រទេសអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការអន្តរជាតិ ខាងការងារ (ILO) ។

ក្របខ័ណ្ឌនេះ បានជួយបង្កើតប្រព័ន្ធជាតិមួយដ៏រឹងមាំ ដើម្បីសម្របសម្រួល តាមដាន និងវាយតម្លៃការ អនុវត្តយុទ្ធសាស្ត្រ របស់កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ វាជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្នែកគោលនយោបាយដោយផ្អែកលើភស្តុតាង ដើម្បីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចូលរួមពីកម្លាំងពលកម្មរបស់កម្ពុជាប្រមាណ ៨៨ភាគរយ ។

យុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញនិរន្តរភាព និងភាពធន់នៃអាជីវកម្ម ក៏ដូចជាកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយអនុញ្ញាតឱ្យអ្នកធ្វើការងារក្រៅប្រព័ន្ធអាចទទួលបានការគាំពារសង្គម ការទទួលស្គាល់ផ្លូវច្បាប់ ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មទៅក្នុងទីផ្សារក្នុងប្រព័ន្ធ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន   គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា៖ “ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្របខ័ណ្ឌ ពិនិត្យតាមដាន និងវាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចទាន់ពេលវេលា និង បង្កើនគណនេយ្យភាពដល់អ្នកគ្រប់គ្នាដែលអនុវត្តយុទ្ធសាស្ត្រជាតិ”។
ក្របខ័ណ្ឌនេះ ជាលទ្ធផល នៃដំណើរការពិគ្រោះយោបល់ប្រកបដោយ បរិយាបន្មអស់រយៈពេលមួយឆ្នាំ ដែលបានប្រមូលមតិយោបល់ពីអ្នកចូលរួមជាង ២៥០នាក់ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេសជាមួយក្រសួងសំខាន់ៗចំនួន៩ និងការពិគ្រោះយោបល់ថ្នាក់តំបន់ចំនួន៥ ដែលក្នុងនោះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមកពីទូទាំងប្រទេសផងដែរ ។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “អូស្ត្រាលី មានសេចក្តីរីករាយក្នុងការគាំទ្រ ដល់ការអភិវឌ្ឍកម្មវិធីពិនិត្យ តាមដាន និងវាយតម្លៃដ៏រឹងមាំ ដែលអាចពង្រឹងតម្លាភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយ ដោយផ្អែកលើភស្តុតាង។ ការងាររបស់យើងជាមួយ CCIED ស្របតាមផែនការភាពជាដៃគូ សម្រាប់ការអភិវឌ្ឍរវាង អូស្ត្រាលី និងកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩ ដែលផែនការនេះ ផ្តល់អាទិភាពដល់ការទទួលបានសេវា សាធារណៈប្រកបដោយបរិយាបន្ន ព្រមទាំងស្ថាប័ន សាធារណៈដែលមានតម្លាភាព និងគណនេយ្យភាព។ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា” ។

លោក Shakeel Ahmad អនុប្រធានតំណាង UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ការងារក្រៅប្រព័ន្ធ ជារឿយៗប្រឈមនឹងកង្វះខាតការគាំពារ និងអាចឱ្យអ្នកប្រកបរបរក្រៅ ប្រព័ន្ធទាំងនោះងាយប្រឈមនឹងភាពរងគ្រោះ វិស័យមួយនេះ ក៏មានសក្តានុពលក្នុងការក្លាយ ជាក្បាលម៉ាស៊ីន ដ៏មានឥទ្ធិពលសម្រាប់កំណើនប្រកបដោយបរិយាបន្នផងដែរ ប្រសិនបើវិស័យនេះ ត្រូវបានគាំទ្រដោយគោលនយោបាយ និងវិធីសាស្រ្តត្រឹមត្រូវ។ NSIED ដែលត្រូវបានដាក់ឱ្យដំណើរការ កាលពីខែតុលា ឆ្នាំ២០២៣ ជាជំហានដ៏មានសារៈសំខាន់មួយក្នុងទិសដៅនេះ។ ផ្នែកមួយ នៃកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់យើង UNDP នៅតែបន្តប្តេជ្ញាចិត្តគាំទ្រផែនការសកម្មភាព NSIED តាមរយៈប្រព័ន្ធ ពិនិត្យតាមដានដ៏រឹងមាំ ការបង្កើតយុទ្ធសាស្រ្តលើកទឹកចិត្ត ការបណ្តុះបណ្តាលដល់អ្នកអនុវត្តការងារ និងការពង្រឹងស្ថាប័ន”។

កម្មវិធីសម្ពោធដាក់ឱ្យដំណើរការក្របខ័ណ្ឌថ្ងៃនេះ មានអ្នកចូលរួមជាង ៣៥០ នាក់ដែលមកពីក្រសួងពាក់ព័ន្ធចំនួន២៨ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក វិស័យឯកជន សមាគមអាជីវកម្ម និង សង្គមស៊ីវិល។ ក្នុងនោះ ក៏មានការធ្វើបទបង្ហាញបច្ចេកទេសលម្អិត រួមទាំងការធ្វើបទបង្ហាញ ផ្ទាល់អំពីកម្មវិធីគ្រប់គ្រងទិន្នន័យ ដែលបង្ហាញពីសមត្ថភាពរបស់វាក្នុងការតាមដានទិន្នន័យស្របតាមពេលវាលាជាក់ស្តែង ការរាយការណ៍ និងការសម្របសម្រួល ។

ការដាក់ឱ្យដំណើរការ នូវក្របខ័ណ្ឌពិនិត្យតាមដាន និង វាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយ នៃដំណើររបស់កម្ពុជាឆ្ពោះ ទៅដល់ការសម្រេចបាន នូវភាពធន់នៃសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដើម្បីធានាថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនត្រឹម តែត្រូវបានទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគាំទ្រ យ៉ាងសកម្មតាមរយៈគោល នយោបាយផ្អែកលើទិន្នន័យ និងកិច្ចសហការផងដែរ ៕

To Top