ព័ត៌មានជាតិ

ករណីផ្ទុះមីននៅតំបន់មុំបី! ក្រសួងការពារជាតិកម្ពុជា ចោទសួរថ្នាក់ដឹកនាំយោធាថៃ មានចេតនាអ្វីឱ្យពិតប្រាកដ

ភ្នំពេញ៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ ដោយសារមីនរបស់ទាហានថៃ ចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងនោះក្រសួងការពារជាតិ បានចោទជាសំនួរថា តើថ្នាក់ដឹកនាំយោធាថៃ មានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួន ឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជា តែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។

គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿន ឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នា លើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហានថៃ បានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈ នៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មី ទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។

ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញ នូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមាន តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែន នៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិត ប្រជាពលរដ្ឋស្លូតត្រង់។

ក្រសួងការពារជាតិ បន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើ ដែលគំរាមកំហែង ដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។

ក្នុងនាមជាប្រទេសមួយ ដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្ស គ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីន នៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាម។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុង ចំពោះជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕

To Top