ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សា ស្តីពីក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃ២១ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បើចង់ពូកែ ត្រូវតែពូកែទាំងបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះនេះគឺជាចលនានៃបេះដូងកន្ត្រាក់របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដោយបានសង្កត់ធ្ងន់ថា អ្នកមានវិជ្ជាជីវៈសុខាភិបាល មិនត្រឹមតែមានចំណេះ ជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានគុណធម៌ មេត្តា ករុណា ធ្វើយ៉ាងណាឲ្យអ្នកជំងឺមានក្តីសង្ឃឹម និងជឿជាក់ ។ ក្នុងនោះត្រូវធ្វើឲ្យចេញជាលទ្ធផលវិជ្ជមាន ។

លោករដ្ឋមន្រ្តីក៏បានណែនាំឲ្យវគ្គសិក្សានេះ ធ្វើយ៉ាងណាឲ្យមានគុណភាព និងត្រូវរៀបចំឲ្យមាននិរន្តភាព មានភាពប្រសើរជាងមុន ។

សាស្ត្រាចារ្យលើកឡើងថា ក្នុងវិស័យសុខាភិបាល នៅខ្វះធនធានមនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ ទាំងចំនួន និងគុណភាព ហើយការខ្វះខាតនេះ គឺធ្វើឲ្យមានភាពខ្សោយនៃការគិតគូពិចារណាក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ដូច្នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវតែពង្រឹងក្នុងការលើកម្ពស់គុណភាពនៃក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រនេះឲ្យបានប្រសើរឡើង និងឆាប់រហ័ស៕

To Top