ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ស្នើពិភាក្សា ឱ្យបានផុលផុស ចំពោះសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”ដើម្បីឱ្យស្របនឹងពិពិធកម្មសេដ្ឋកិច្ច និងការរីកចម្រើននៃបច្ចេកវិទ្យា

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើភាគីពាក់ព័ន្ធដែលរៀបចំសេចក្ដីព្រាង «គោល​នយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥»ពិភាក្សាគ្នាឱ្យបានផុសផុលលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ការរីក​ចម្រើន​នៃបច្ចេកវិទ្យា ការផ្លាស់​ប្តូរទៅរកសេដ្ឋកិច្ចចក្រា កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងការ​ចាក​ចេញ​របស់​កម្ពុជា​ពីក្រុម​ប្រទេស​អភិវឌ្ឍន៍តិចតួច។

ការលើកឡើងនេះនៅក្នុងឱកាសដែលលោករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដី​ព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហ​ការជាមួយ​អង្គការអន្តរជាតិខាងការងារ (ILO) រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ពីភាពសំខាន់នៃ«គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ ព្រោះគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ដំណាក់កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ បាន ធ្វើឱ្យសេដ្ឋកិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ នេះនឹង​មាន​ដាក់​ចេញនូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការពិនិត្យតាមដាន និងវាយតម្លៃជូនដល់អង្គភាពពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យមុខរបរ និង​ការ​ងារ​សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ក្នុងចក្ខុវិស័យបង្កើតកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែង បរិយាបន្ន និង​កម្លាំង​ពល​កម្ម​ដែល​ត្រៀម​សម្រាប់​ការងារនាពេលអនាគត តាមរយៈការអប់រំ ការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទ​ប្បញ្ញត្តិ​ទី​ផ្សារការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និង​ឱកា​សនៃ​ការ​ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និង​បរិយាបន្នសង្គម។

ក្នុងឱកាសនោះដែរ លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានគាំទ្រអនុសាសន៍របស់លោករដ្ឋមន្រ្តី និង​ថ្លែង​អំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតែងតែផ្ដល់កិច្ចសហការល្អជាអង្គការអន្តរជាតិខាងការងារ (ILO) ក្នុង​ការ​រៀប​ចំ​សេ​ចក្តី​ព្រាង​គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ។

លោកបន្តថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជា​ក្រប​ខ័ណ្ឌ​ឆ្ពោះ​ទៅ​មុខ ដែលស្របតាមបរិបទសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ដែល​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​ចាក​ចេញ​ពីក្រុម​ប្រទេស​អភិវឌ្ឍ​ន៍តិច​តួច​នៅ​ឆ្នាំ​២០២៩​៕

To Top