ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងករណីទាហានថៃ ដើរជាន់មីន ពេលកំពុងល្បាត នៅតាមតំបន់មានជម្លោះ បណ្តាលឲ្យរងរបួស៣នាក់ ដែលមានម្នាក់បានដាច់ជើងឆ្វេង កាលពីថ្ងៃ១៦ កក្កដា លោក ខៀវ កាញារីទ្ធសមាជិករដ្ឋសភា បានលើកឡើងបែបឆ្ងល់ថា ថៃដឹងថា តំបន់នេះមានមីន ហេតុអ្វីបានជាបណ្តោយ ឲ្យទាហានខ្លួនមកទៀត ឬមួយបូជាដៃជើងរបស់កូនទាហានគេ ដើម្បីទម្លាក់កំហុសមកលើកម្ពុជា ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ កក្កដា លោក ខៀវ កាញារីទ្ធ បានលើកឡើងថាសូមឆ្ងល់មែនទែនមួយទៀត ! ថៃថាបានជាដឹងថា មីនដាក់នេះជាមីនថ្មី ព្រោះមិនមានដើមអ្វីថ្មីដុះពីលើទេ ពោលគឺវាល ។ លោកថា និយាយអីចឹងប្រហែលបោកបានថៃដែលមិនស្គាល់សង្គ្រាម តែអ្នកដើរសង្គ្រាមបោកមិនបាននោះទេ ។
លោកបន្តថា ពេលសង្គ្រាមបើកឡានលើផ្លូវកៅស៊ូ បើឃើញមានស្នាមកៅស៊ូថ្មី គេចៀសហើយ ព្រោះជាសញ្ញាបង្កប់មីនថ្មី ។ រីឯនៅក្នុងព្រៃដែលមានស្មៅ កូនឈើស៊ុបទ្រុប បើឃើញវាលមួយកូនដុំ ឬកូនស្មៅទើបលាស់ គេចៀសហើយ ព្រោះសុទ្ធតែសញ្ញាមីនកប់ថ្មី ។
ចំណុចនេះលោកសង្កត់ធ្ងន់ថា “ឬមួយទាហានថៃមិនដែលចូលសាលា ឬមួយគេបូជាជើងដៃកូនទាហានគេ ដើម្បីទម្លាក់ថ្មលើយោធាខ្មែរ?”៕
