កំពង់ស្ពឺ៖ ពិធីដាំកូនឈើ អបអរសាទរទិវា រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណស្នាក់ការទ្វាទឹកស្ទឹងតូច ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥។\

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ថ្ងៃនេះមន្ទីរកសិកម្មខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ ជាសេនាធិការ រួមជាមួយ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់បានរៀបចំពិធីនេះឡើង ដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥ សម្រាប់កូនឈើ ដែលបានចែក និងដាំកូនឈើក្នុងបរិវេណ ច្រាំងទំនប់ទ្វាទឹកស្ទឹងតូច និងនៅតាមបណ្តោយខ្នង ប្រឡាយធារាសាស្ត្រ ស្ទឹងតូចប្រវែង៥.៦០០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែកក់ ស្រែចែង ក្រាំងធំ និងភូមិក្រាំងស្ពឺ ស្ថិតនៅឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានកូនឈើចម្រុះសរុប ចំនួន ២.២៤៥ដើម ក្នុងនោះមានកូនត្នោត ដែលជាដំណាំអត្តសញ្ញាណនិមិត្តរូបខេត្តកំពង់ស្ពឺចំនួន ១.២០០ដើម និងដើមឈើផ្សេងទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែល បានអញ្ជើញមកចូលរួមក្នុងពិធីនេះ មានកូនឈើចម្រុះចំនួន ៥.០០០ដើម ជាប្រភេទឈើលំអរមានដើមក្ងោក និងប្រភេទឈើរយៈពេលវែង (បេង ធ្នង់ កកោះ គគី ក្រញូង និងឈើហូបផ្លែមានទាប ស្វាយ ខ្នុរ ត្នោត) ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ មានការចូលរួមដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា គ្រប់ប្រភេទ និងគ្រប់ទីកន្លែងឱ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន និងត្រូវចូលរួមជួយទប់ស្កាត់ បញ្ឈប់ការកាប់ព្រៃឈើ ការកាប់ដុតឈូសឆាយដីព្រៃ ដើម្បីថែរក្សាការពារព្រៃឈើ ទុកសម្រាប់កូនចៅ របស់យើងនៅគ្រប់ជំនាន់ ជាបន្តទៀត ជាពិសេសទៀត រដ្ឋបាលខេត្តបានរក្សាសន្តិសុខសុវត្តិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បញ្ហាក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនផងដែរ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន

