ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រកាសស្តីពី ការបោះផ្សាយលក់ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយមានការគាំទ្រ ពីប្រទេសអូស្ត្រាលី

រូបថត៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

ភ្នំពេញ ៖ ថ្ងៃនេះ មូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការ ជាមួយនឹងអូស្ត្រាលី បានរៀបចំកម្មវិធី សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ ជាសាធារណៈ អំពីការដាក់ឱ្យអនុវត្ត ប្រកាសស្ដីពីការបោះផ្សាយលក់ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងគោលការណ៍ណែនាំ ស្ដីពីទ្រព្យសកម្ម មានលក្ខណសម្បត្តិ គ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក.និង លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីសិក្ខាសាលានេះ ជាព្រឹត្តិការណ៍ នៃដាក់ឱ្យអនុវត្តជាផ្លូវការនូវបទប្បញ្ញត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យសហគ្រាសសាធារណៈ និងឯកជន អាចប្រមូលដើមទុន រយៈពេលវែង សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបោះផ្សាយ មូលបត្របំណុល ដែលជាជំហានដ៏សំខាន់ ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយភាពធន់ជាងមុន ។
ដោយមានការគាំទ្រ ពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ន.ម.ក.បានរៀបចំប្រកាស ស្តីពីការបោះផ្សាយលក់ សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ។ ប្រកាសនេះ កំណត់នូវក្របខណ្ឌ បទប្បញ្ញត្តិច្បាស់លាស់ សម្រាប់ការបោះផ្សាយមូលបត្របំណុល ដើម្បីផ្តល់ហិរញ្ញប្បទានលើគម្រោងសាងសង់ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ជាសេវាកម្មសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ។

ឯកអគ្គរដ្ឋទូត ដេរិក យីប បានមានប្រសាសន៍ថា “ប្រទេសអូស្ត្រាលីកំពុងជួយប្រទេសកម្ពុជា អភិវឌ្ឍទីផ្សារមូលធនរបស់ខ្លួន។ ប្រកាសនេះ ជាជំហានដ៏សំខាន់ ក្នុងការពង្រីកមធ្យោបាយក្នុងការកៀរគរហិរញ្ញវត្ថុ ដើម្បីផ្តល់មូលនិធិលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាត្រូវការ ដើម្បីជំរុញការរីកចម្រើនប្រកបដោយបរិយាបន្ន ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹង ភាពធន់របស់សេដ្ឋកិច្ច។ នេះជាមធ្យោបាយមួយទៀត ដែលយើងកំពុងរួមចំណែក ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅកម្ពុជាស្រប តាមអាទិភាព ដែលបានគូសបញ្ជាក់ នៅក្នុង ផែនការភាពជាដៃគូសម្រាប់ ការអភិវឌ្ឍរវាងអូស្ត្រាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩” ។
ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា (២០២៣-២០៣៣) បានកំណត់អំពីតម្រូវការហិរញ្ញប្បទានប្រមាណជា ៣៦ ពាន់លានដុល្លារអាមេរិក ។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសនេះ នឹងក្លាយជាច្រកមួយដែលអនុញ្ញាតឱ្យវិនិយោគិនធ្វើការផ្តល់ហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្ររបស់កម្ពុជា ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា “វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាឆ្អឹងខ្នង និងសសៃឈាមដ៏សំខាន់ ដែលមិនអាចប្រកែកបាន ក្នុងការផ្សារភ្ជាប់ សកម្មភាពសេដ្ឋកិច្ច-សង្គមទាំងអស់ ហើយបានក្លាយជាកាតាលីករចម្បងក្នុងការជម្រុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់យើង ដែលជាសសរស្តម្ភដ៏សំខាន់ដែលមិនអាចមើលរំលងបាន ។ ក្នុងបរិបទនេះ ការដាក់ឱ្យអនុម័តប្រកាសនេះគឺស្របនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ” ។

លោកបានបន្ថែមថា “សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើពិពិធកម្មឧបករណ៍ ហិរញ្ញវត្ថុបន្ថែមពីលើ មធ្យោបាយកៀរគរហិរញ្ញវត្ថុបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏សង្កត់ធ្ងន់លើជម្រើសហិរញ្ញវត្ថុប្រកបដោយចីរភាពផងដែរ។ បន្ថែមពីនេះ ប្រកាសនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន មានលទ្ធភាព ក្នុងការទទួលបានហិរញ្ញវត្ថុតាមវិធីសាស្រ្តចម្រុះ ដែលអនុញ្ញាតឱ្យពួកគេប្រមូល ដើមទុនប្រកបដោយប្រសិទ្ធភាព ជាងមុន ។ ជាលទ្ធផល គំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យ អាទិភាព និងគម្រោងប្រកបដោយចីរភាព” ។
ជាមួយនឹងបទប្បញ្ញត្តិដែលមានជាធរមាននេះ កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី ក្នុងការទាញយកអត្ថប្រយោជន៍ពីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រមូលមូលនិធិរាប់ពាន់លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានរយៈពេលវែង។ ប្រកាសនេះនឹងបង្កើត ឱ្យមានយន្តការផ្តល់ហិរញ្ញប្បទានស្រដៀងគ្នា បង្កើនទំនុកចិត្តវិនិយោគិន និងគាំទ្រការអភិវឌ្ឍរយៈពេលវែងប្រកបដោយចីរភាព។
ប្រកាសនេះ មាន ៧ជំពូក និង ២៥ប្រការ ដែលបានកំណត់យ៉ាងច្បាស់លាស់ អំពីលក្ខខណ្ឌ និងនិតិវិធីនៃការបោះផ្សាយ ព្រមទាំងកាតព្វកិច្ច ក្រោយការបោះផ្សាយ សម្រាប់ក្រុមហ៊ុនបោះផ្សាយមូលបត្រ ខណៈគោលការណ៍ណែនាំកំណត់ អំពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណ សម្បត្តិគ្រប់គ្រាន់ ក្នុងការបោះផ្សាយ លក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ។

default

ចាប់តាំងពីការបោះផ្សាយ មូលបត្ររដ្ឋ លើកដំបូងរបស់កម្ពុជា នៅឆ្នាំ ២០២២ទីផ្សារមូលធនក្នុងស្រុកប្រមូលបានជាង៤១៧,៤៦ លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយ លក់សញ្ញាបណ្ណសាជីវកម្ម ដែលបង្ហាញពីការកើនឡើង នៃចំណាប់អារម្មណ៍របស់វិនិយោគិន មកលើទីផ្សារមូលបត្រកម្ពុជា។ ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធនេះ នឹងបន្តជំរុញសន្ទុះនេះ ដោយបង្កើតនូវបណ្តាញវិនិយោគ ដែលស្របជាមួយនឹងអាទិភាពអភិវឌ្ឍន៍ដទៃ ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ Media.Cambodia@dfat.gov.au
 

To Top