ព័ត៌មានជាតិ

កុមារាអាយុ ៦ឆ្នាំម្នាក់ រស់នៅស្រុកពញាក្រែក កើតជំងឺផ្តាសាយបក្សី

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារាអាយុ ៦ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល អ្នកជំងឺមានទីលំនៅក្នុងភូមិបុសឬស្សី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានរោគសញ្ញា គ្រុនក្តៅ ក្អក រាក ក្អួត ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ។

តាមការសាកសួរបង្ហាញថា ក្នុងកំឡុងខែកក្កដានេះ មានមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់ នៅក្នុងភូមិ កើតហេតុ ហើយកុមារាបានទៅលេងផ្ទះសាច់ញាតិ ដែលមានមាន់ងាប់ប្រហែលជិត១០០ក្បាល នៅចម្ងាយ ប្រហែល១០០ម៉ែត្រពីផ្ទះកុមារ និងបានកាន់មាន់ងាប់១ក្បាលមកឱ្យជីដូនធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល គូសបញ្ជាក់ថា «សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ»៕

To Top