សៀមរាប៖ជំនួបទ្វេភាគីរវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងើផល Sakhone Phommalath អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លើទឹកដីសៀមរាប-អង្គរ ភាគីទាំង២ បានជជែក និងឯកភាពគ្នាពង្រឹង ពង្រីកលើការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។
ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមើកក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ” នាសណ្ឋានគារសុខាសៀមរាប នៅខេត្តសៀមរាប ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ ក៏បានកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មានកម្ពុជា បានរៀបចំកិច្ចប្រជុំនេះបានយ៉ាងល្អ និងស័ក្តិសមយកជាគំរូ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញភាគីឡាវឲ្យមកចូលរួមកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយដ៏មានសារៈសំខាន់នាពេលនេះ។
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានឡាវ ក៏បានស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករម្លែកបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។ ក្នុងនាមរដ្ឋាភិបាលឡាវ លោកក៏បានគាំទ្រយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» ដែលដឹកនាំដោយក្រសួងព័ត៌មាន។
ជាការឆ្លើយតបលោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ភាគីឡាវ មកលើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកន្លងមកនេះ។ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជម្រាបទៅសមភាគីឡាវឲ្យបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ននេះ ជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យព័ត៌មាន និងសាធារណមតិ។
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ស្ថិតក្នុងដំណាក់រីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) បញ្ហាព័ត៌មានក្លែងក្លាយ ក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលបានជិះឥទ្ធិពលមកលើប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមពោរគឺមិនមែនមានតែកម្ពុជា តែមួយនោះទេ ប៉ុន្តែ គឺវាបានជះឥទ្ធិពលដល់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ជូនអនុរដ្ឋមន្ត្រីឡាវ ថា ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរស់រាជរដ្ឋាភិបាលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការទទួលខុសត្រូវផ្នែកព័ត៌មាន និងអ្នកសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាលើកតម្លៃ គុណភាពពព័ត៌មាន ព្រមទាំងការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយជាដើម៕







