បន្ទាយមានជ័យ៖ អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ Cambodia Express News បានចុះផ្សាយថាលោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ ជូន ឧបនាយករដ្ឋមន្ត្រីស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមេត្តាពិនិត្យ និងផ្តល់យុត្តិធម៌ដល់រូបលោក ចំពោះករណីចាប់ឃុំខ្លួនលោក ក្នុងទ្រុងដែក ដោយភ្ជាប់ខ្លឹមសារ នៃពាក្យបណ្តឹងមកជាមួយ។
ក្រោយពីទទួលព័ត៌មានការចុះផ្សាយនេះ អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនថា ពាក្យបណ្តឹងរបស់លោក ព្រហ្ម ពិសិដ្ឋ ភេទប្រុស ដែលដាក់នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងរបស់លោក ស៊ូ វណ្ណា ភេទប្រុស ដែលដាក់នៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលប្តឹងទៅលើលោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឲមានការរើសអើង តាមប្រព័ន្ធបណ្តាញសង្គម រួចជំនាញខេត្ត បានកោះហៅលោក អ៊ុង ថាប់រាំង ចំនួន២លើក លើកទី១មិនចូលខ្លួន (សុំពន្យារពេល) លើកទី២ បានចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នៅជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរបំភ្លឺរួចមក លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿង បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្ត បន្តថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដោយធ្វើការសាកសួរមិនទាន់ចប់ ព្រះរាជអាជ្ញារងបានផ្ញើ លោក អ៊ុង ថាប់រាំង មកស្នងការដ្ឋាននគរបាលខេត្តវិញ ដោយឃាត់ទុកក្នុងបន្ទប់ឃាត់ខ្លួន បណ្តោះអាសន្ន។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារង បានធ្វើការសាកសួរបន្តរហូតដល់ចប់ រួចបានសម្រចអនុញ្ញាតឲលោក អ៊ុង ថាប់រាំងត្រឡប់ទៅលំនៅដ្ឋាន ជាបណ្តោះអាសន្ន ដោយបានស្ម័គ្រចិត្តទទួលនូវកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ នូវសកម្មភាពប៉ះពាល់ដល់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោស និងកែតម្រូវ។ តែក្រោយពីបានត្រឡប់ទៅលំនៅដ្ឋានវិញ លោក អ៊ុង ថាប់រាំង នូវតែបន្តប្រើពាក្យពេចន៍ វាយប្រហារតាមបណ្តាញសង្គម មកលើអង្គភាព និងថ្នាក់ដឹកនាំរបស់ស្នងការដ្ឋានដដែល ទាំងដែលសំណុំរឿងលោក អ៊ុង ថាប់រាំង ស្ថាប័នតុលាការ កំពុងមានចំណាត់ការនៅឡើយ។
អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយពុំបានយល់ច្បាស់ ពីនីតិវិធីមកលើថ្នាក់ដឹកនាំ របស់ស្នងការដ្ឋាន និងសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យ បណ្តឹងរបស់លោក អ៊ុង ថាប់រាំង ដែលធ្វើឡើងបណ្តាលឱ្យ មានការភាន់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕

