ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅតែជាដៃគូសហការពិសេស ក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដើម្បីលើកស្ទួយដល់កិច្ចគាំពារប្រជាពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះអង្គការជាតិ-អន្តរជាតិដោយគ្មាននិន្នាការរើសអើងចំពោះអង្គការមួយណាឡើយដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា ។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា តាំងពីរបបខ្មែរក្រហមបានដួលរលំមក ពោលគឺចាប់តាំងពីឆ្នាំ១៩៧៩ មានក្រុមអង្គការជាច្រើនមកពីបណ្តាប្រទេសមួយចំនួន និងអង្គការក្នុងស្រុកបានធ្វើសកម្មភាពនានានៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយកម្ពុជានៅតែបន្តស្វាគមន៍អង្គការនានាធ្វើជាដៃគូ ។
សម្តេចធិបតីបន្តថា មូលហេតុសម្តេចលើកឡើងបែបនេះ បន្ទាប់ពីមានមតិមួយចំនួនបានចោទប្រកាន់មកលើថ្នាក់ដឹកនាំកម្ពុជាថា មានបញ្ហាជាមួយអង្គការនេះ អង្គការនោះ ក្នុងបំណងរារាំងមិនចង់ឲ្យដាក់ទីតាំងនៅកម្ពុជា ។
សម្តេចធិបតីសង្កត់ធ្ងន់ថា “អង្គការដៃគូដែលធ្វើការងារពិត ធ្វើការងារជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយទៅដល់គ្រប់វិស័យរបស់កម្ពុជា រាជរដ្ឋាភិបាលនៅតែចាត់ទុកថា ជាដៃគូពិសេស និងបន្តកិច្ចសហការ និងគាំទ្រ ។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើង” ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានអង្គការសង្គមស៊ីវិលដែលបានចុះបញ្ជីនិងតម្កល់ឯកសារនៅក្រសួងមហាផ្ទៃ មានប្រមាណជា៦ពាន់ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា ៕
